ព័ត៌មានអន្តរជាតិ

មនុស្ស៨នាក់ទៀតត្រូវបានចាប់ខ្លួននៅវៀតណាមពាក់ព័ន្ធនឹងករណីមនុស្ស៣៩នាក់ស្លាប់ក្នុងទូរកុងទឺន័ររថយន្តនៅអង់គ្លេស

image

ប៉ូលីសវៀតណាម បានចាប់ខ្លួនជនសង្ស័យចំនួន ៨ នាក់ទៀត ពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិវៀតណាម ចំនួន ៣៩ នាក់ ដែលត្រូវបានគេរកឃើញថា ស្លាប់ក្នុងទូរកុងទឺន័ររថយន្តនៅអង់គ្លេស។

ស្នងការនគរបាលខេត្ត Nghe An លោក Nguyen Huu Cau និយាយថាពួកគេទាំង ៨ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទរៀបចំអោយមានការរត់ពន្ធមនុស្ស នៅក្រៅប្រទេស ខណៈការស៊ើបអង្កេតអន្តរជាតិកំពុងតែបន្ត។ ពួកគេ លោក មិនបានផ្តល់ព័ត៌មានលម្អិត អំពីជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះទេ។

ប៉ូលិសអង់គ្លេស និយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ជនរងគ្រោះទាំង ៣៩ នាក់ ជាជនជាតិវៀតណាម។ ដំបូង ពួកគេនិយាយថា ជនរងគ្រោះដែលត្រូវបានរកឃើញ នៅក្បែរកំពង់ផែភើហ្វែតភាគអាគ្នេយ៍ កាលពីថ្ងៃទី ២៣ ខែតុលា គឺមកពីប្រទេសចិន ប៉ុន្តែក្រុមគ្រួសារមកពីប្រទេសវៀតណាមបានទាក់ទងទៅអាជ្ញាធរនៅទីនោះ បន្ទាប់ពីមានការព្រួយបារម្ភ ចំពោះសាច់ញាតិពួកគេ។

ប៉ូលីសអង់គ្លេស បានចោទប្រកាន់បុរសម្នាក់ ឈ្មោះ Maurice Robinson អាយុ ២៥ ឆ្នាំ មកពីអៀរឡង់ខាងជើង ពីបទឃាតកម្ម និងការឃុបឃិត ក្នុងករណីនេះ៕

ព័ត៌មានទាក់ទង...