កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»​
| ព័ត៌មានជាតិ
SHARE

​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។
សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលប្រមាណពីរថ្ងៃនេះ មានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ឬប្រធានប្រតិភូមកពីបណ្តាបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន បានរៀបចំនួន១១លើករួចមកហើយ ដែលលើកទី១ នៅទីក្រុងកួនមិញ ខេត្តយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០០៤ និងចុងក្រោយលើកទី១១ ដែលបានរៀបចំឡើងនៅទីក្រុងប៊ិនដាសេរីបើហ្គាវ៉ាននៃព្រះរាជាណាចក្រប៊្រុយណេ ដារុយសាឡឹមកាលពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ
២០១៨។

គោលបំណងសំខាន់បំផុតនៃសន្និសីទអគ្គព្រះអាជ្ញាអាស៊ាន-ចិនដែលបានកំណត់នៅក្នុងសេចក្តីប្រកាសរួម និងមានចុះហត្ថលេខាដោយអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០០៤ នៅទីក្រុងកួនមិញ ខេត្តយូណាន់ គឺបានកំណត់យ៉ាងច្បាស់អំពីការតាំងចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន និងឆ្លងតំបន់ ដោយអំពាវនាវដល់ស្ថាប័នអយ្យការឲ្យសហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ភេរវកម្មហិរញ្ញវត្ថុ ការជួញដូរគ្រឿងញៀន ការរត់ពន្ធឆ្លងដែន អំពើពុករលួយ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ជាវេទិកានៃមហាអយ្យការក្នុងតំបន់ ដើម្បីចែករំលែកនូវបទពិសោធនិងការអនុវត្តល្អក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការបង្ក្រាប និងការដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង «អំពើជួញដូរមនុស្ស» ផងដែរ ហើយក៏ជាយន្តការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ានចិន។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នាពេលនេះ គឺដើម្បីរកដំណោះស្រាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរួមគ្នា ហើយចុងក្រោយអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន នឹងចេញនូវសេចក្តីប្រកាសរួមមួយជាគោលសម្រាប់អនុវត្តស្របទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕​អត្ថបទ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation