ព័ត៌មានជាតិ

សម្ដេចតេជោ រំពឹងថាកិច្ចសហប្រតិបត្តិការ ​រវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-ចិន នឹងពង្រឹងកាន់តែខ្លាំង និងរឹងមាំ  ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានទៅលើប្រជាជនស្លូតត្រង់  

image

  សៀមរាប ៖ មុនចាប់ផ្តើមពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២, នៅទីក្រុងសៀមរាប សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ ​ប្រតិភូអគ្គ​ព្រះរាជអាជ្ញា-រដ្ឋអាជ្ញា មកពីបណ្ដាប្រទេសអាស៊ាន និងប្រទេសចិន ដឹកនាំដោយលោកជំទាវ ហាយ៉ាស ស៊ូរៃនី ចូលជួបសម្តែងការគួរសម។  

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ បានគោរពសម្ដែងការដឹងគុណ សម្តេចតេជោ ដែលបានឈ្លៀតពេល​ដ៏មមាញឹក មកធ្វើជាអធិបតី នៅក្នុងសន្និសីទនេះ។​ លោកជំទាវ បានលើកឡើងថា ​សម្តេចតេជោ ថាសន្និសីទ ដែលរៀបចំឡើងនាពេលនេះ គឺដើម្បីធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការជួញដូរមនុស្ស។

  ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងការស្វាគមន៍ ដល់ព្រះរាជអាជ្ញា-រដ្ឋអាជ្ញាធរទាំងអស់ មកកាន់ទីក្រុងសៀមរាប ដែលជាអតីត រាជធានីរបស់កម្ពុជា កាលពីជាង ១ពាន់ឆ្នាំមុន។ សម្ដេចបានលើកឡើងថា ប្រធានបទការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស នៅក្នុងឱកាសនេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វីដែលយើងត្រូវធ្វើ ដើម្បីជួយដល់ជនស្លូតត្រង់ ជាពិសេសពលករ ដែលកំពុងតែមានចលនា និងលំហូរ នៅក្នុងតំបន់អាស៊ាន ហើយតែងតែមានជនខិលខូច ឬក៏ឧក្រិដ្ឋជន កេងប្រវ័ញ្ចលើជនស្លូតត្រង់ទាំងនេះ។ 

  តាមរយៈវេទិកានេះ សម្ដេចតេជោបាន សូមផ្ដល់ក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ជាពិសេសរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេសអាស៊ានជាមួយចិន នឹងមានការពង្រឹងកាន់តែខ្លាំង និងរឹងមាំថែមទៀត ជាផលប្រយោជន៍ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផង និងឧក្រិដ្ឋកម្មទាំងឡាយ ដែលមានទៅលើប្រជាជនស្លូតត្រង់ នៅក្នុងតំបន់អាស៊ាន-ចិនផង៕អត្ថបទ ៖ សន ពិសិដ្ឋ ​

ព័ត៌មានទាក់ទង...