ព័ត៌មានជាតិ

កូនត្រីចម្រុះប្រមាណ៣០.០០០ក្បាល ត្រូវបានលែងចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ ដើម្បីធ្វើឲ្យអាងទឹកនេះសម្បូរត្រី ទុកជាតំបន់ទេសចរណ៍ និងបម្រើសេចក្តីត្រូវការហូបចុក

image


រតនគិរី ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ការប្រារព្ធទិវាមច្ឆាជាតិ  គឺក្នុងគោលបំណង បំផុសចលនាពលរដ្ឋឲ្យចូលរួមចំណែក ការពារ អភិរក្ស និងអភិវឌ្ឍន៍ វិស័យជលផល ។ប្រសាសន៍របស់ លោក អភិបាលខេត្ត គឺបានលើកឡើងនៅក្នុងឱកាសដែល លោកអញ្ជើញជាធិបតី គ្រាដែល ខណ្ឌរដ្ឋបាលជលផល ប្រារព្វទិវាមច្ឆាជាតិ ១កក្កដា ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី ១ ស្ថិតក្នុងភូមិថារ៉ងជងឃុំអូរជុំ ស្រុកអូរជុំ ។

ក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិនេះខណ្ឌរដ្ឋបាលជលផលបាននាំយកកូនត្រីចម្រុះប្រមាណ ៣០.០០០ ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង លែងចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ ដើម្បីធ្វើឲ្យអាងទឹកនេះសម្បូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកម្សាន្តផង និងបម្រើសេចក្តីត្រូវការហូបចុក របស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។

លោក ញ៉ែម សំអឿន បានលើកឡើងថា ការប្រារពពិធីនេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ លោក អភិបាលខេត្ត បន្តថា សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ។

លោក ញ៉ែម សំអឿន ក៏បានអំពាវនាវដល់ បងប្អូន
ប្រជាពលរដ្ឋទាំងអស់ សហគមន៍នេសាទ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធបន្តយកចិត្តទុកដាក់ពង្រឹងការអភិរក្សអន្លង់ត្រីមេពូជនៅតាមសហគមន៍នេសាទ និងស្រះជម្រកត្រីបឹងធម្មជាតិ និងបន្តលែងកូនត្រី ត្រីមេពូជទៅបឹងជម្រកត្រីធម្មជាតិ។ អាជ្ញាធរមូលដ្ឋានក្រុងស្រុក ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដែលប្រើប្រាស់ ឧបករណ៍ហាមឃាត់ ពិសេសឧបករណ៍ឆក់ត្រី ស្បៃមុង ជាដើម ។

ជាមួយគ្នានេះស្នើអាជ្ញាធរ សមត្ថកិច្ចពាក់ ព័ន្ធនៅក្រុងបានលុង ពិសេសសង្កាត់បឹងកន្សែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋហាមមិនឱ្យ នេសាទត្រី និងការប្រមាញ់សត្វព្រៃដែលមាននៅបឹងកន្សែងដែលជាបឹងទេសចរណ៍របស់ខេត្ត ។ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្ស ធនធានជលផល និងទប់ស្កាត់រាយការណ៍ពីជន
ល្មើសដែលនេសាទត្រីខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ពេលត្រីដែលកំពុងពងកូនពីខែកក្កដាដល់ខែ
កញ្ញា។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក សហគមន៍នេសាទគ្មានបទល្មើសជលផល។ជំរុញវារីវប្បកម្មដល់សហគមន៍នេសាទ និងកសិករដែលមានស្រះទឹកអាចចិញ្ចឹមត្រីទាំងប្រាំង និងវស្សា ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ។ ដៃគូអភិវឌ្ឍន៍ត្រូវបន្តចូលរួមគាំទ្រទាំងបច្ចេកទេស និងថវិកាដល់សហគមន៍នេសាទ និងវារីវប្បកម្ម។

តាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទ៖ ខេត្តរតនគិរី បានបង្កើតសហគមន៍នេសាទចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់ នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ ហិកតា ។ ខណ្ឌរដ្ឋ
បាលជលផលបានសហការនិងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍ នេសាទបានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ចូលទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

ដោយ ៖ ប៉េស សារី