រដ្ឋមន្ត្រីក្រសួងផែនការបង្ហាញចក្ខុវិស័យទាំង៧ របស់ក្រសួង គឺជាធាតុផ្សំដ៏ចាំបាច់ ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់គណៈកម្មការទី៣ នៃរដ្ឋសភា

ភ្នំពេញ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួង ផែនការ នៅព្រឹកថៃ្ងទី១០ ខែកក្កដា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួង មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង ឧតុនិ យម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹក នាំដោយ លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ និងលោក លោកស្រី ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការ អនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យផែនការ ។
លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា មាន ប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែង យល់ អំពីវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា និងជាការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋា ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យមាន ប្រសិទ្ធភាព ។
ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភា អំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការ អនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្នុងនោះក្រសួងផែនការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យផែនការស្ថិតិ និងប្រជា ជននិងការអភិវឌ្ឍន៍ ដែលសម្រេចបានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាល និងជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុខភាព និងសុភមង្គល ។
លោករដ្ឋមន្រ្តី បានលើកឡើងថា៖ ក្រសួង ផែនការក៏មានតួនាទីដឹកនាំ និងសម្រប សម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងការត្រួតពិនិត្យនូវការអនុវត្តន៍ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រៀបចំវិធីសាស្រ្តធ្វើជំរឿនអង្កេត និងការអនុវត្តន៍ធ្វើជំរឿនប្រជារាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចផង
ដែរ ។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធ សាស្ត្របញ្ចកោណឱ្យសម្រេចតាមគោល បំណងដែលបានរំពឹងទុក ក្រសួងផែនការកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់ លាស់មួយ សម្រាប់តម្រង់ទិសដល់ការ អនុវត្តន៍តួនាទីរបស់ខ្លួនឱ្យកាន់តែមាន ប្រសិទ្ធភាព ផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន៧ដូចខាងក្រោម៖
១. រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០២៤-២០២៨។ ២. កម្មវិធីវិនិយោគសាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិល។ ៣. ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច។ ៤. ការតាមដានការអនុវត្តន៍កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍។ ៥. ការលើកកម្ពស់អាហារូបត្ថម្ភជាតិ។ ៦. ការងារស្ថិតិ និង៧. ការតាមដានត្រួត ពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦ - ២០៣០ ។
កម្មវិធីអាទិភាពទាំង៧ របស់ក្រសួងខាងលើនេះ គឺជាធាតុផ្សំដ៏ចាំបាច់ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេចបានចក្ខុ វិស័យ "កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០" ។
ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់លោកប៊ិន ត្រឈៃ រួចមក លោកសន្តិ បណ្ឌិត ឡូយ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់ក្រសួងផែនការ ហើយលោកមានជំនឿជឿជាក់ថា ៖លោករដ្ឋមន្រ្តីក្រសួងផែនការ ពិតជាមានសមត្ថភាពដឹក នាំក្រសួង ដើម្បីទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល”៕
ដោយ៖វង សុភ័ក្ត្រ




