ព័ត៌មានជាតិ

ធ្លាប់ជាកសិករបរាជ័យក្នុងមុខរបរកសិកម្ម មកជាកសិករគំរូម្នាក់ នៅក្រុងបាត់ដំបង បានធ្វើការដាំដុះបន្លែសរីរាង្គចម្រុះ ហៅថា កសិកម្មអេកូឡូស៊ី ទទួលបានជោគជ័យ

image


បាត់ដំបង៖ លោក ស៊ិន ស៊ីវនឿត ជាកសិករធ្លាប់ទទួលភាពបរាជ័យ ក្នុងវិស័យដាំដុះបន្លែ មកជាអ្នកផលិតបន្លែចម្រុះដែលទទួលបានភាពជោគជ័យមួយរូបតាមកសិកម្មអេកូឡូស៊ី នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបង្ហាញនូវភាពជោគជ័យរបស់ខ្លួន បន្ទាប់ពីបានក្លាយជាកសិករគំរូម្នាក់ ក្នុងការអនុវត្តដាំដុះបន្លែសរីរាង្គ ចម្រុះ ហៅថា កសិកម្មអេកូឡូស៊ី បានបញ្ជាក់ថា លោកត្រូវប្រើប្រាស់អស់រយៈពេល៣ឆ្នាំគត់ តាំងពីឆ្នាំ២០១៩ ក្នុងការសិក្សា និងស្វែងរកនូវបទពិសោធន៍ទៅលើផលដំណាំដែលត្រូវធ្វើការដាំដុះបន្លែទម្រាំទទួលបានជោគជ័យរហូតមកដល់នឹងពេលនេះ ។

លោក ស៊ិន ស៊ីវនឿត បានបន្តថា ការធ្វើកសិកម្មអេកូឡូស៊ី មិនមានការប៉ះពាល់ដល់សុខភាពនោះទេ គឺរក្សាបាននូវបរិស្ថាននៅជុំវិញផ្ទះរបស់យើងបានល្អ ដោយលោកត្រូវរៀនផងអនុវត្តផង ដោយមានការដាំដំណាំចម្រុះ ដែលការដាំដំណាំបែបនេះអាចជួយបានក្នុងការថែរក្សាមានភាពងាយស្រួល សត្វល្អិតមិនសូវបំផ្លាញដោយសារតែដំណាំមានច្រើនមុខ ធ្វើឲ្យសត្វល្អិតពិបាកក្នុងការជ្រើសរើសដំណាំណាដែលត្រូវស៊ី ហើយការដាំដុះនេះជាលក្ខណៈសរីរាង្គមិនមានការបាញ់ថ្នាំពុលគីមីឡើយ ហើយអតិសុខុមប្រាណនៃដីកើតឡើងបានច្រើន លូតលាស់បានល្អ និងរក្សាជីវៈចម្រុះជួយសត្វមានប្រយោជន៍ឲ្យជួយថែរក្សាដំណាំបានល្អផងដែរ ។ លោកបានបញ្ជាក់ថា ការដាំដំណាំចម្រុះច្រើនងាយស្រួលក្នុងការលក់ឲ្យអ្នកប្រើប្រាស់ និងអតិថិជនគោលដៅ ព្រមទាំងមានការលក់ដុំ និងលក់រាយនៅទីនេះផង ក៏ដូចជាការឆ្លើយតបតាមតម្រូវការទីផ្សារមានភាពងាយស្រួលដែរ ។ 

លោក បានបញ្ជាក់ទៀតថា ដោយសារតែកន្លងមកមានការប្រើជីគីមីខ្លាំងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព រូបលោក និងប្រជាពលរដ្ឋ តែងតែគិតថា តើត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យមានការប៉ះពាល់ គឺមានតែការធ្វើកសិកម្មបែបអេកូឡូស៊ីនេះទេ ដែលមិនប៉ះពាល់សុខភាព តែអាចជួយដល់សុខភាពយើងឲ្យរឹងមាំថែមទៀតផង ហើយក្នុងនោះអ្នកដាំបន្លែដែលមានគីមីមានការប៉ះពាល់មុនគេ បន្ទាប់មកគឺអ្នកបរិភោគប៉ះពាល់ជាប្រយោល មានន័យថា គាត់អាចជ្រើសរើសបន្លែ ឬមានដំណាំនៅផ្ទះខ្លះ ហើយគ្រាន់តែមានការខ្វះខាតបន្តិចបន្តួចម្តងម្កាល ដែលត្រូវទិញប៉ុណ្ណោះ ។

លោក ស៊ិន ស៊ីវនឿត បានធ្វើការអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមងាកមកធ្វើកសិកម្មបែបអេកូឡូស៊ីនេះវិញ ដើម្បីជួយដល់បរិស្ថាន ជួយដល់សុខភាពរបស់យើងឲ្យបានរឹងមាំ កុំឲ្យមានបញ្ហាទៅលើសុខភាព ហើយសូមឲ្យអ្នកដែលយកបន្លែទៅប្រើប្រាស់ជួយគាំទ្រដល់កសិកម្មអេកូឡូស៊ីឲ្យបានច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពយើងទាំងអស់គ្នាផង និងដើម្បីលើកកម្ពស់គុណតម្លៃដល់ប្រជាកសិករទូទៅ ដែលខិតខំប្រឹងប្រែងក្នុងការដាំដុះ ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនផងដែរ ៕

ដោយ៖ គួយ គឹមស៊ន