ព័ត៌មានជាតិ

អបអរសាទរ! «សួនរុក្ខជាតិអង្គរ» ទទួលបានពាន Traveller's Choice Awards Winner 2024 នាថ្ងៃនេះ

image


សៀមរាប៖ «សួនរុក្ខជាតិអង្គរ» ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានពាន Traveller's Choice Awards Winner 2024 ពីគេហទំព័រទេចរណ៍ដ៏ល្បីឈ្មោះTripAdvisor នៅថ្ងៃទី១០ ខែកក្កដា ២០២៤នេះ។

មានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប «សួនរុក្ខជាតិអង្គរ» ដំបូងឡើយមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។

ចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អនិងពង្រីករហូតដល់ជាង ១៥ហិកតា ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ឱ្យប្រជាជន និងទេសចរចូលកម្សាន្ត។

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីជាង ១៥ហិកតា ក៏ត្រូវបានបើកសម្ពោធជាផ្លូវការ។ តាំងពីពេលនោះមក សួនរុក្ខជាតិអង្គរនេះ បានក្លាយជាសមិទ្ធផលទេសចរណ៍បន្ថែម នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង ៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបព្វាំងជាដើម។

កាលពីខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានគម្រោងពង្រីកសួនរុក្ខជាតិអង្គរ នេះរហូតដល់ទំហំជាង ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិផងដែរ៕

អត្ថបទ៖ ជា ស្រស់