ព័ត៌មានជាតិ

គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ កំពុងជម្រុញផលិតផលខ្មែរ ចូលក្នុងប្រព័ន្ធទីផ្សារអនឡាញ

image


ភ្នំពេញ៖ គណៈកម្មការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានកំពុងតែដុតដៃដុតជើងឲ្យផលិតផលខ្មែរចូលទៅក្នុងប្រព័ន្ធទីផ្សារអនឡាញ ឌីជីថល រួមមានដូចជា នៅក្នុងអាម៉ាហ្សូន, Alibaba, Wing Mall, Nhnam-24,Wow Now និង Grab ជាដើម ដើម្បីធ្វើយ៉ាងណាឲ្យសិប្បករខ្មែរ គាត់អាចដាក់លក់ផលិតផលរបស់ខ្លួននៅក្នុង App ផ្សេងៗទៀតបាន។ នេះបើផ្អែកតាមការឲ្យដឹងពីអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១។

លោកបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានបន្តថា សព្វថ្ងៃនេះ ក្រសួងពាណិជ្ជកម្មដែលជាសមាជិកគណៈកម្មការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានជម្រុញឲ្យផលិតផលខ្មែរដាក់លក់នៅលើទីផ្សារអនឡាញធំៗ ដែលល្បីៗនៅក្នុងឌីជីថល App នៅក្នុងទូរស័ព្ទដៃ ខណៈដែលក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្ម ក៏មាន App អាចដាក់លក់ផលិតផលផងដែរ។

នាពេលបច្ចុប្បន្ននេះ ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក បានពង្រឹងការវេចខ្ចប់ គុណភាព និងអនាម័យស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីឲ្យប្រជាជនជួយគាំទ្រផលិតផលក្នុងស្រុក ក្នុងនោះ វាជាការចូលរួមចំណែកដល់ការលើកកម្ពស់កសិករជាអ្នកដាំដុះ បង្កើតការងារធ្វើ និងការបង្កើតនូវតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈពួកគាត់បានបង្ហាញពីទឹកចិត្តរីករាយផងដែរ ដើម្បីត្រៀមលក់ផលិតផលនៅក្នុងទីផ្សារអនឡាញ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ CNC ឲ្យដឹងថា រហូតមកទល់ពេលនេះ ផ្សារអនឡាញខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម មានអ្នកចូលមើលជិត ៤ម៉ឺននាក់ ដែលបានចូលមើលរហូតដល់ជាង ៣០ម៉ឺនដង ហើយពួកគេមកពីប្រទេសចំនួន ១៥២ នៅជុំវិញពិភពលោក ស្របពេលដែលសហគ្រាសធុនតូច និងមធ្យម ដែលមាននៅលើផ្សារខេមបូឌាត្រេដ បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ផលិតផលដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

លោកបានបញ្ជាក់ថា មុខទំនិញដែលបានបញ្ជារទិញភាគច្រើន រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មកែច្នៃ ផលិតលថែរក្សាសម្រស់ និងការថែទាំផ្ទាល់ខ្លួន ផលិតផលសុខភាព និងវេជ្ជសាស្រ្ត ផលិតផលអាហារ និងភេសជ្ជៈ សំភារៈក្មេងលេង និងសកម្មភាពកម្សាន្ត និងវត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម ជាដើម៕

អត្ថបទ៖ចេង ឆហួត