ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា ដោយមានការគាំទ្រពីសហគ្រិនខ្មែរ បានរៀបចំកម្មវិធីការចែករំលែក ដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អចលនទ្រព្យ និងសំណង់» នៅខេត្តព្រះសីហនុ

image


ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អចលនទ្រព្យ និងសំណង់» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានជួបជុំសិក្សាស្វែងយល់ពីឱកាសអាជីវកម្មក្នុងខេត្តព្រះសីហនុ ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗ យកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ, ឧកញ៉ា បណ្ឌិត គីម ហ៊ាង សមាជិកសភាពាណិជ្ជកម្មកម្ពុជា ស្ថាបនិកបុរីវិមានសំណាង និងជាប្រធាន KW Cambodia។ ក្នុងឱកាសនោះ ឧកញ៉ា បណ្ឌិត ក៏បានចូលរួមជាវាគ្មិនកិត្តិយស ហើយក៏មានវាគ្មិនកិត្តិយសពីររូបបន្ថែមទៀត គឺ ឧកញ៉ា ហ៊ួត ជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនគ្រឿងសំណង់ ហ៊ួត ជា និងលោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជានាយកប្រតិបត្តិក្រុមហ៊ុន KW Sihanoukville ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។

កម្មវិធីនេះ មានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៥៥នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន។ សូមបញ្ជាក់ថា កម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា)ម.ក, សមាគមន៍វិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍(IDI) និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុទាំងអស់។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីនេះ ដែលអាចឱ្យសមាជិក សមាជិកាសភាពាណិជ្ជកម្មព្រះសីហនុ ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយស ដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕