សម្តេចតេជោ ហ៊ុន សែន៖ ការបណ្តុះបណ្តាលមន្ត្រីដឹកនាំវ័យក្មេងគណបក្ស កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើមនៃប្រទេសទាំង៣ និងលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបណ្តុះបណ្តាលមន្ត្រីដឹកនាំវ័យក្មេងគណបក្ស កម្ពុជា-ឡាវ-វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំង៣។
ការថ្លែងនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអនុញ្ញាតឱ្យសិក្ខាកាមទាំង ៥០រូបនៃវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងគ្រានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និងសិក្ខាកាម ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវនិងវៀតណាមកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា តាមការឯកភាពគ្នាជាឯកច្ឆន្ទ ពីប្រមុខដឹកនាំនៃគណបក្សទាំង៣ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង លោក ង្វៀន ហ្វូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ គណបក្សប្រជាជនកម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ ជាលើកទី២នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួមកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាពនិងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំង៣ និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ទទួលបានបទពិសោធពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងបានឃើញជាក់ស្តែងនូវសមិទ្ធផលសង្គមជាតិ៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្ដេចតេជោ






