ព័ត៌មានអន្តរជាតិ

ប្រធានសភាចិន អញ្ជើញទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថាន ដើម្បីរឹតចំណងមិត្តភាព

image


ចិន៖ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ចាវ លេជី (Zhao Leji) បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ ក្នុងប្រទេសអ៊ូសបេគីស្ថាន គិតចាប់តាំងពីចុងសប្តាហ៍កន្លងទៅ តបតាមការអញ្ជើញរបស់ប្រធានសភាស៊ូសបេគីស្ថាន នូឌីនជុន អ៊ីស្មូឡូវ (Nurdinjon Ismoilov) ដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ការងារ សម្រាប់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសជំនួបជាមួយនឹងប្រធានាធីបតីអ៊ូសបេគីស្ថាន សាវកាត មីហ្សឺយ៉េវ (Shavkat Mirziyoyev) លោកចាវ លេជី បានថ្លែងកត់សម្គាល់អំពីការរីកចម្រើននូវទំនាក់ទំនងទ្វេភាគីរវាងចិននិងអ៊ូសបេគីស្ថាន ដោយបាននាំមកនូវការអភិវឌ្ឍន៍សម្រាប់ប្រជាជាតិទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាយុគកាលសម័យថ្មី។

ប្រធានសភាចិនដដែលរូបនេះ ក៏បានបន្តបង្ហាញអំពីឆន្ទៈក្នុងការចូលរួមពង្រឹងកិច្ចសហការបន្ថែមជាមួយប្រទេសអ៊ូសបេគីស្ថាន ដើម្បីអនុវត្តឱ្យបានទាំងស្រុងនូវអនុសាសន៍ព្រមព្រៀងគ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ហើយក៏ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងរបាំងសន្តិសុខ រួមទាំងបង្កើនកិច្ចការសម្របសម្រួលនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ ក៏ដូចជាពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ការងាររវាងស្ថាប័ននីតិបញ្ញាត្តិរបស់ប្រទេសទាំងពីរផងដែរ។

ដោយឡែក សម្រាប់ប្រធានធិបតីអ៊ូសបេគីស្ថាន លោកមីហ្សឺយ៉េវ បានថ្លែងសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងគំនិតផ្តួចផ្តើមសំខាន់ៗជាសកលទាំងបីរបស់ចិន រួមមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងអរិយធម៌ ដែលបានស្នើឡើងដោយប្រធានាធិបតីចិនលោកស៊ីជីនពីង។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ឡើងវិញអំពីជំហររបស់ប្រទេសអ៊ូសបេគីស្ថាន ក្នុងការគោរពចំពោះគោលការណ៍ប្រទេសចិនតែមួយ និងជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យអប់រំធនធានមនុស្ស និងថាមពល។

លោកមីហ្សឺយ៉េវ បានបន្តលើកឡើងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀនសូត្រតាមប្រទេសចិនអំពីបទពិសោធន៍អភិវឌ្ឍប្រទេស និងវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រ រួមទាំងការប្រយុទ្ធប្រឆាំងនឹងចរន្តគំរាមកំហែងទាំងបី រួមមានអំពើភេរវកម្ម ការបំបែករដ្ឋ និងចលនាជ្រុលនិយម៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect