ព័ត៌មានអន្តរជាតិ

ចិន រិះគន់អង្គការណាតូ ថាកំពុងព្យាយាមបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក

image


ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីនជៀន បានថ្លែងរិះគន់អង្គការណាតូ ថាកំពុងព្យាយាមបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក តាមរយៈការបញ្ចេញមតិវាយប្រហារ និងលាបពណ៌អាក្រក់មកលើចិន ចំពោះបញ្ហាវិវាទផ្សេងៗដែលបានកើតឡើង ដោយលោកបានបន្តសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសកម្មភាពរបស់អង្គការសម្ព័ន្ធយោធាមួយនេះ ក្នុងការដុតបញ្ឆេះឱ្យមានជម្លោះកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ។

លោកលីនជៀន បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការចោទសួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងបទអត្ថាធិប្បាយរបស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលបានជំរុញឱ្យសម្ព័ន្ធមិត្ត NATO ត្រូវយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានចោទប្រកាន់ចិន ថាជាអ្នកជួយគាំទ្ររុស្ស៊ីនៅក្នុងសង្ក្រាមឈ្លានពានទៅលើអ៊ុយក្រែន។

ទាក់ទិននឹងការលើកឡើងរបស់ប្រមុខការអង្គការណាតូរូបនេះ ត្រូវបានលោកលីនជៀន បន្តរិះគន់ទៅវិញថា “អង្គការណាតូខ្លួនឯង គឺជាអ្នកដែលបានបំពានពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើតំបន់ដែលជាដែនឥទ្ធិពលរបស់រុស្ស៊ី និងបានអនុវត្តនយោបាយដុតបញ្ឆេះឱ្យមានភាពតានតឹងកើតឡើងនៅក្នុងតំបន់ និងធើ្វការគំរាមកំហែងទៅលើបណ្តាប្រទេសតូចតាច។

មន្រ្តីចិនរូបនេះ បានបន្តលើកឡើងទៀតថា ដើម្បីតែការធានាការពារសន្ដិសុខរបស់ខ្លួន ណាតូបានបំពានទៅលើសន្តិសុខជាតិរបស់បណ្តាប្រទេសដទៃនៅក្នុងតំបន់ ដោយមិនខ្វាយខ្វល់អំពីផលប៉ះពាល់ទៅថ្ងៃមុខ ខណៈសកម្មភាពនេះ បានធើ្វឱ្យពិភពលោកទាំងមូលប្រឈមនឹងហានិភ័យនៃបញ្ហាជម្លោះដោយឥតស្រាកស្រាន្ត។

ដោយឡែក ពាក់ព័ន្ធគោលជំហររបស់ចិន លោកលីនជៀនបាននិយាយថា “ប្រទេសចិនតែងតែខិតខំរួមចំណែកក្នុងការពង្រឹងកសាងស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងពិភពលោក និងមានបំណងចូលរួមកែលម្អនិងបន្ធូរបន្ថយនូវស្ថានការណ៍ជម្លោះនានា ដូចជាបញ្ហាវិបត្តិសង្គ្រាមអ៊ុយក្រែន ដែលត្រូវបានសហគមន៍អន្តរជាតិបង្ហាញការទទួលស្គាល់។

ត្រង់ចំណុចនេះ លោកបានបន្តជំរុញឱ្យអង្គការណាតូព្យាយាមស្វែងយល់បន្ថែមអំពីគោលនយោបាយរបស់ចិន និងបោះបង់ចោលនូវផ្នត់គំនិតសម័យកាលសង្គ្រាមត្រជាក់ ហើយបញ្ចប់ល្បែងភូមិសាស្រ្តនយោបាយដែលពុំទទួលបានផលចំណេញអ្វីក្រៅតែពីនាំមកនូវបញ្ហាដល់ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់សកលលោក៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect