សេដ្ឋកិច្ច

ឆមាសទី១ ឆ្នាំ២០២៤ សំណង់ក្នុងខេត្តកំពតមាន ៧៦គម្រោង ស្មើនឹងតម្លៃទុនវិនិយោគប្រមាណជាង ៧លានដុល្លារ

image


កំពត៖ មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ សំណង់ក្នុងខេត្តកំពតមាន ៧៦គម្រោង ដែលមានផ្ទៃក្រឡាសរុបស្មើនឹង ២១ ៧៩៨ ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មាន ស្មើនឹង ៧ ៣២០ ៦០០ដុល្លារ ហើយនៅមានសកម្មភាពទៅមុខជាលំដាប់ ពិសេសគម្រោងធំៗ។ នេះបើយោងតាមការបញ្ជាក់ពីវិស្វករវិស័យសំណង់នៅខេត្តកំពត។

លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសូរិយោដីខេត្ត បានឱ្យដឹងថា វិស័យសំណង់នៅខេត្តកំពត នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរខេត្តយកចិត្តទុកដាក់ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ្ឌភាពក្រុង ដើម្បីទាក់ទាញទេសចរ និងអ្នកវិនយោគឱ្យចូលមកច្រើន ធ្វើឱ្យវិស័យសំណង់ នៅតែមានសកម្មភាព និងស្ថានភាពល្អ។

លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ សំណង់ខេត្តកំពតមាន ៧៦គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង ២១ ៧៩៨ ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៧ ៣២០ ៦០០ដុល្លារ។ ក្នុងនោះគម្រោងមានលិខិតអនុញ្ញាតចំនួន ៦៩គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង ២០ ៧៤៤ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៦ ៩៥២ ០៥០ដុល្លារ, ចំណែកសំណង់គ្មានលិខិតអនុញ្ញាតសាងសាង់សរុប ៧គម្រោង ផ្ទៃក្រឡាសរុបស្មើនឹង ១ ០៥៣ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៣៦៨ ៥៥០ដុល្លារ។

ពាក់ព័ន្ធនឹងវិស័យសំណង់ លោក យ៉ុន ឡុច វិស្វករប្រចាំការដ្ឋានសំណង់មួយកន្លែង ក្នុងក្រុងកំពត បានឱ្យដឹងថា បច្ចុប្បន្នវិស័យសំណង់ មិនសូវមានសន្ទុះខ្លាំងដូចមុនទេ ប៉ុន្តែសកម្មភាពសំណង់នៅតែមាន ពិសេសគម្រោងធំៗ។ ហើយការដ្ឋានសំណង់នីមួយៗមានការត្រួតពិនិត្យ និងគោរពតាមបទដ្ឋានគតិយុត្តិ និងច្បាប់សំណង់ត្រឹមត្រូវ។

យ៉ាងណាក៏ដោយ មន្ត្រីជំនាញស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក ឃុំ-សង្កាត់ បន្តជួយផ្សព្វផ្សាយ ដល់ស្ថាប័ននានា និងប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់សំណង់ ឯកសារបទដ្ឋានគតិយុត្តិ និងគោរពតាមនិតិវិធីច្បាប់ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធានាដល់សុវត្ថិភាព គុណភាព និងរក្សាប្រយោជន៍ជូនដល់ម្ចាស់សំណង់៕

អត្ថបទ៖ វង្ស សុធារម្យ