ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទអ៊ុយក្រែន ថាជាអ្នកវាយប្រហារដោយគ្រាប់មីស៊ីលទៅលើមន្ទីរពេទ្យកុមារក្នុងទីក្រុងគីវដោយខ្លួនឯង

image


រុស្ស៊ី៖ ពាកព័ន្ធនឹងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសទៅលើមន្ទីរពេទ្យថែទាំកុមារមួយកន្លែង នៅក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែន កាលពីពេលថ្មីៗកន្លងទៅ ញ៉ាំងឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសហគមន៍អន្តរជាតិ ដោយបាននាំគ្នាធើ្វការថ្កោលទោសទៅលើរុស្ស៊ី ចំពោះឧប្បត្តិហេតុដែលបានកើតឡើង ។

កាលពីថ្ងៃអង្គារម្សិលមិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានបដិសេធមិនទទួលខុសត្រូវឡើយ ដោយបានចោទប្រកាន់ត្រឡប់ទៅអ៊ុយក្រែនវិញថា ជាអ្នកដែលបានធើ្វការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើទីតាំងមន្ទីរពេទ្យកុមារដោយខ្លួនឯង ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកវ៉ាស៊ីលី ណេបេនហ្សី (Vasily Nebenzya) បានលើកឡើងយ៉ាងដូច្នេះ ដោយសម្អាងទៅលើបំណែកគ្រាប់មីស៊ីល ដោយអះអាងថា គឺជាគ្រាប់មីស៊ីលរបស់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនដែលបានវាយប្រហារខុសគោលដៅ។

ការអះអាងរបស់បេសកជនរុស្ស៊ីរូបនេះ បានធើ្វឡើងបន្ទាប់ពីមានរបាយការណ៍វាយតម្លៃរបស់មន្រ្តីផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានចោទប្រកាន់រុស្ស៊ី ថាជាអ្នកវាយប្រហារទៅលើទីតាំងមន្ទីរពេទ្យកុមាររបស់អ៊ុយក្រែន អំឡុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់យោធារុស្ស៊ីទៅលើទីក្រុងគីវ ប៉ុន្តែត្រូវបានវិមានក្រាំមឡាំងធើ្វការបដិសេធ។

ដោយឡែក ទីភ្នាក់ងារចារកិច្ចរបស់អ៊ុយក្រែនវិញ បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងយ៉ាងច្បាស់លាស់ថា រុស្ស៊ីគឺជាអ្នកធើ្វការវាយប្រហារទៅលើទីតាំងមន្ទីរពេទ្យកុមារ ដោយប្រើប្រាស់ប្រភេទគ្រាប់កាំជ្រួច Kh-101 ហើយថែមទាំងបង្ហាញនូវរូបភាពបំណែកម៉ាស៊ីនរបស់អាវុធប្រភេទនេះផងដែរ ។

គួររំឮកជូនថា នៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ បានសម្លាប់ពលរដ្ឋអ៊ុយក្រែនសរុបចំនួន ៤១នាក់ ដោយរួមមានទាំងកុមារជាច្រើននាក់ ខណៈអ៊ុយក្រែនបានរៀបចំការកាន់ទុក្ខរយៈពេលមួយថ្ងៃចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយបានបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅទូទាំងប្រទេស ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect