សង្គម

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសបើកជាផ្លូវការពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិ លើកទី៤

image


ភ្នំពេញ៖ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ បានបើកជាផ្លូវកាហើយ នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគម កាយឫទ្ធិនារីកម្ពុជា អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ យុវជន និងសិស្សានុសិស្សជាច្រើនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងនាថ្ងៃនេះ និងបានអរគុណចំពោះកិច្ចសហការល្អរបស់ដៃគូអភិវឌ្ឍន៍នានាជាមួយក្រសួងបរិស្ថាន លើសកម្មភាពនានាកន្លងមក ដើម្បីពង្រឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការអភិវឌ្ឍសហគមន៍ និងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការប្រារព្ធពិធី ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ បានរៀបចំឡើងក្នុងគោលបំណង បណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។

លោកថា ព្រៃឈើគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី ដែលមានគុណតម្លៃវិសេសវិសាល សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ព្រៃឈើ មិនត្រឹមតែផ្តល់នូវសម្រស់ដ៏ស្រស់ត្រកាលសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា និងលំហែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត ដូចជា ការការពារពីការហូរច្រោះដី ការការពារខ្យល់ព្យុះ និងខ្យល់កន្តាក់ ការនាំមកនូវទឹកភ្លៀងសមស្រប ការរក្សាប្រភពទឹកក្រោមដី ការបន្សុទ្ធខ្យល់ឱ្យល្អបរិសុទ្ធ ការកាត់បន្ថយភាពក្តៅ ជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ និងជាពិសេស ជាលំនៅដ្ឋាន និងទីអាស្រ័យផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់មានព្រៃឈើ។ លើសពីនេះទៀត ព្រៃឈើក៏មានតួនាទី ចូលរួមកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលពិភពលោក កំពុងតែប្រឈមនឹងមានការព្រួយបារម្ភយ៉ាងខ្លាំង។

ម្យ៉ាងវិញទៀយ ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ ជាការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។ ជាពិសេស ព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តបានរៀបចំឡើង ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុង ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព សំដៅឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៥០។

ជាងនេះទៅទៀត ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ក្នុងនាមជារដ្ឋភាគី។

លោកឧបនាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតការយកចិត្តទុកដាក់លើភាពស្អាត ភាពបៃតង និងចីរភាព ឆ្លើយតបចំពោះមុខទៅនឹងការកាត់បន្ថយជាអតិបរមានូវការបំពុលក្នុងខ្យល់ ក្នុងទឹក និងលើដី ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលរហូតមកដល់បច្ចុប្បន្ននេះ មានសិស្សានុសិស្ស និងសាធារណជន ចំនួនជាង ៨លាននាក់ បានចូលរួមក្នុងយុទ្ធនាការនេះ។

លោកក៏មានសុទិដ្ឋិនិយមចំពោះ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាននាពេលថ្មីៗនេះ នឹងទទួលបានជោគជ័យ ដូចការគ្រោងទុក និងមានជំនឿជាក់យ៉ាងមុតមាំថា “ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤” នាថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់ឱ្យទាំងអស់គ្នាស្វែងយល់បន្ថែមអំពីតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលបានផ្តល់សម្រាប់ការរក្សាលំនឹងបរិស្ថាន ការធ្វើនិយ័តកម្មអាកាសធាតុ និងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សាធារណជនទូទៅ រួមទាំង មន្រ្តីរាជការ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និយោជក-និយោជិត ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សទាំងអស់ ចូលរួម «ដាំដើមឈើ និងដាំស្តារព្រៃឈើនៅកម្ពុជា» ដើម្បីថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ជាផលប្រយោជន៍របស់ជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕