UN៖ ប្រមុខអង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យភាគីទាំងអស់គោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី (Hassan Rouhani) បានប្រកាសថាអ៊ីរ៉ង់នឹងចាប់ផ្តើមបញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីនបំបែកធាតុវីលីនដែលត្រូវបានគេប្រើដើម្បីចម្រាញ់យកសារធាតុអ៊ុយរ៉ាញ៉ូម។
អ្នកនាំពាក្យឲ្យអគ្គលេខាធិការអង្គការសប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានរួមចំណែកដល់សន្តិសុខនិងសន្តិភាពទាំងក្នុងតំបន់និងអន្តរជាតិ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិដែលកំពុងឃ្លាំមើលការអនុវត្តរបស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញការប្រកាសរបស់លោក រ៉ូហានី (Rouhani) ឡើយ។
កាលពីថ្ងៃអង្គារដដែលនោះ លោក រ៉ូហានី បាននិយាយថា សកម្មភាពនេះអាចត្រូវបានបញ្ឈប់ប្រសិនបើបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកដែលជាសមាជិកកិច្ចព្រមព្រៀងនុយក្លេអ៊ែរគោរពការប្តេជ្ញាចិត្តរបស់ពួកគេ៕