«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣» ត្រូវបានផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ​ទី០៧ ខែវិច្ឆិកា​នេះ បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»។
តាមប្រសាសន៍របស់ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣» ត្រូវបានរៀបចំឡើងបន្តពី «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨» ដែលត្រូវបានចប់អាណត្តិ កាលនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។

«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចលើកទី៦ នេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលបានកើតមានឡើង ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា រៀបចំរបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីដៃគូអភិវឌ្ឍ និងភាគីដែលមានចំណែកពាក់ព័ន្ធទាំងអស់ តាមរយៈសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាជាច្រើនលើក​នាពេលកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣» មានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍។


«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» នេះ ត្រូវបានរៀបចំឡើង ដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ ចំនួន៣រួមមាន៖
ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើង នៅក្នុងការអនុវត្ដផ.យ.អ.ជ. ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨។

ទី២៖ ដើម្បីកំណត់នូវបណ្តាវិធានការ គោលនយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយ អាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា តាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិ កាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវ ភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។
ទី៣៖ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» របស់ក្រសួង ស្ថាប័ននានា៕ អត្ថបទ ៖ សន ពិសិដ្ឋ​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation