ព័ត៌មានជាតិ

នគរបាលជំនាញចុះបង្ក្រាបទីតាំងបង្កើត casino online បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបិទនាពេលថ្មីៗ

image

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាឲ្យមន្រ្តីជំនាញធ្វើការស្រាវជ្រាវ និងតាមដានរកមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត។

បន្ទាប់ពីបើកការស្រាវជ្រាវរួចមក កម្លាំងជំនាញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យ ដោយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមដឹកនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងនគរបាលខណ្ឌច្បារអំពៅ កម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិម៉ាឡេស៊ី ចំនួន០៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online ព្រមទាំងរឹបអូសបានសម្ភារសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

សូមបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវឲ្យបងប្អូនរាយការណ៍មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ ប្រសិនបើបងប្អូនទទួលបាននូវសារទស្សន៍ទាយ ដើម្បីចូលរួមលេងល្បែងភ្នាល់ផ្សេងៗតាមបណ្ដាញទូរគមនាគមន៍ ឬបណ្ដាញសង្គម ដើម្បីជាមូលដ្ឋានសម្រាប់នាយកដ្ឋានក្នុងការស្រាវជ្រាវដើម្បីបង្ក្រាបទាន់ពេលវេលា៕

ព័ត៌មានទាក់ទង...