អភិបាលខណ្ឌចំការមនអំពាវនាវឲ្យកីឡាករអុំទូកគិតពីសុខភាពដើម្បីដណ្តើមជោគជ័យ
| ព័ត៌មានជាតិ
SHARE

  អភិបាលខណ្ឌចំការមនអំពាវនាវឲ្យកីឡាករ ចំណុះទូកដែលត្រៀមចូលរួមប្រកួត គិតគូរពីបញ្ហាសុខភាពជាចំបង ដើម្បីភាពជោគជ័យក្នុងថ្ងៃប្រកួត ជាពិសេសត្រូវប្រកាន់ភ្ជាប់ នៅទឹកចិត្តជាកីឡាករ និងកុំនាំជំងឺត្រឡប់ទៅស្រុកកំណើតវិញ។

  ប្រសាសន៍អំពាវនាវធ្វើឡើងនៅរសៀលថ្ងៃទី០៧ វិច្ឆិកានេះ ក្នុងដំណើរចុះសំណេះសំណាលជាមួយកីឡាករចំណុះទូកចំនួន៤របស់ខណ្ឌចំការមននៅក្នុងទីតាំងក្រោយវត្តចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ។

  លោកថេង សុថុលអភិបាលខណ្ឌចំការមនបានមានប្រសាសន៍បន្ថែមឲ្យដឹងថា ក្នុងនាមជាកីឡាករ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតនិងត្រូវចេះប្រយ័ត្នប្រយែងការពារខ្លួនកុំនាំជំងឺទៅចម្លងឲ្យអ្នកផ្ទះ ក្នុងនោះផងដែរ ត្រូវយកចិត្តទុកដាក់ក្នុងបញ្ហាបរិស្ថាននិងអនាម័យកុំចោលសំរាមផ្តេសផ្តាស ត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ រង់ចាំពេលប្រកួតចប់យកឡើងមកបោះចោលក្នុងធុងសំរាម ជៀសវាងបោះសំរាមចោលក្នុងទឹកទន្លេក៏ដូចជាតាមទីសាធារណៈ ។លោកអភិបាលខណ្ឌចំការមនក្នុងឱកាសនោះក៏បាន ផ្តាំផ្ញើរដល់កីឡាករចំណុះទូកត្រូវប្រកាន់ភ្ជាប់នូវទឹកចិត្តជាអ្នកកីឡា ចេះយោគយល់គ្នាទៅវិញទៅមកមិនថាការប្រកួតឈ្នះរឺចាញ់ត្រូវហ៊ានទទួលស្គាល់ការពិត លើសពីនេះត្រូវចេះស្រលាញ់គ្នាក្នុងនាមជាខ្មែរដូចគ្នា។លោកថេង សុថុលក៏បានផ្តាំផ្ញើឲ្យកីឡាករទាំងអស់កុំសេពគ្រឿងស្រវឹងក្នុងខណៈនៃការប្រកួតរង់ចាំដល់ពេលប្រកួតចប់និងទទួលបានជ័យជម្នះជាមុនសិនផងដែរ។

  គួរបញ្ជាក់ថានាឱកាសនោះ លោក ថេង សុថុល ក៏បានឧបត្ថម្ភដល់ក្រុមកីឡាករចំណុះឲ្យទូកចំនួន៤ របស់ខណ្ឌចំការមន រួមមាន ៖ មី ៤កេសធំ ទឹកសុទ្ឋ ១០០យួរ, បាកាស ២០កេស, ទឹកផ្លែឈើ ២០កេស និងថវិកា ២លាន ៥០ម៉ឺនរៀល ។ទូកទាំង៤របស់ខណ្ឌចំការមនមានឈ្មោះ៖ ១ សំហេងសែនជ័យបារមីចាក់អង្រែ ទី២ បាសាក់សំហេងសែនជ័យទូកទី៣ មានឈ្មោះ សំហេងសែនជ័យបារមីទួលទំពូង និងទូកទី៤ សំហេងមហាសែនតេជៈ។ក្រោយបញ្ចប់ពិធីសំណេះសំណាលរួចមក គណៈអធិបតីក៏បានទស្សនាការហ្វឹកហាត់សាកល្បងកម្លាំងគ្នាផងដែរ ដែលធ្វើឡើងនៅក្រោយវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation