ព័ត៌មានជាតិ

ព្រះមហាក្សត្រឡាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីសំណង់ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩

image

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០១៩ នេះក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានប្រកាសឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យឡាយព្រះហស្ដលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីសំណង់ ជាផ្លូវការ។

យោងតាមព្រះរាជក្រមរបស់ព្រះមហាក្សត្របានបញ្ជាក់ថា ច្បាប់ស្ដីពីសំណង់នេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ សម័យប្រជុំសភាលើកទី៣ នីតិកាលទី៦ ហើយត្រូវបានព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំវិសាមញ្ញនីតិកាលទី៤។

សូមជម្រាបថាច្បាប់ស្តីពីសំណង់មានសរុប ១១១ មេត្រា ដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រឡាយព្រហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ៕