លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា កម្ពុជាកំពុងរៀបចំពិធីអកអំបុក ដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង
| ព័ត៌មានជាតិ
SHARE

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា កម្ពុជាកំពុងរៀបចំពិធីអកអំបុក ដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង លោកជំទាវ បន្តលើកឡើងថាទិវានេះ មានអត្ថន័យ ធំធេងណាស់ ព្រោះឱកាសនេះយើងធ្វើឡើង ដើម្បីទប់ស្កាត់ជនក្បត់ជាតិមួយចំនួន ដែលមានបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កចលាចល អសន្តិសុខ និងវិនាសកម្មដល់ប្រទេសជាតិយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមានប្រសាសន៍ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យអកអំបុក នារមណីដ្ឋានប្រវត្តសាស្រ្តវត្តភ្នំពញ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបន្ថែមអោយដឹងថា ការប្រារព្វពិធីនេះ ក៏ចង់ក្រើនរំលឹកដល់យុវជនជំនាន់ក្រោយៗទៀតឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មីនេះខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែងយល់បន្ថែមទៀតអំពីប្រវត្តិ និងប្រពៃណីពីបុរណរបស់ខ្មែរយើង និងបានស្គាល់អំពីរបៀបដាល់អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើងទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្ស ផងដែរ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ក្នុងពិធីបុណ្យអកអំបុកថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកំពុងជួបជុំធ្វើពីធីទទួលទានអំបុក ក្នុងថ្ងៃនេះ ដែលធ្វើឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននឹងកំពុងរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងកំពុងត្រៀមចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលព្រឹត្តិការណ៍ទាំងអស់នេះ ពិតជាបានបង្កប់នូវអត្ថន័យដ៏ត្រចះត្រចង់ និងបានបង្ហាញពីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ពិសេសស្មារតីឯកភាពជាតិ អធិបតេយ្យភាពជាតិបូរណភាពទឹកដី ក្រោមម្លប់សុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ផ្ទុយស្រឡះពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលបែរជាយកថ្ងៃបុណ្យជាតិ ដើម្បីកេណ្ឌបក្សពួកតិចតួចរបស់ខ្លួន ក្នុងគោលដៅដ៏ខ្មៅងងឹតគឺបង្កវិទ្ធង្សនា បង្កភាពភ័យខ្លាច បង្កើតវិនាសកម្ម ប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងស្ថាប័នព្រះមហាក្សត្រទៅវិញ។

គួរបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរ ទូទាំងរាជធានីភ្នំពេញក៏កំពុងរីករាយទទួលទានអំបុកតាមមូលដ្ឋានរបស់ខ្លួនផងដែរក្នុងនោះ អាជ្ញាធររាជធានីបានរៀបចំទីតាំងសម្រាប់ទទួលទានអំបុកសាមគ្គី តាមមូលដ្ឋានខណ្ឌ សង្កាត់ ភូមិ និងតាមទីវត្តអារាម សរុបចំនួន ៨៨៩ ទីតាំងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់បុព្វជិត និងប្រជាពលរដ្ឋប្រមាណជិត ១០ម៉ឺនអង្គ/នាក់ ក្រោមដំបូលសុខសន្តិភាពជាតិខ្មែរតែមួយ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation