ឯកឧត្តមសាយ សំអាល់ ៖ កម្ពុជាមានអនាម័យបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា
| ព័ត៌មានជាតិ
SHARE


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កម្មករ និងបុគ្គលិកអនាម័យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត រួមគ្នាសម្អាតតាមច្រាំងទន្លេ និងតាមសួនច្បារសាធារណៈចាប់ពីពីម៉ោង ១២ យប់ រហូលដល់ម៉ោង ៧ ព្រឹកក្នុងរយៈពេល៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មករ បុគ្គលិក យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ស ស យ ក រាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការអប់រំផ្សព្វផ្សាយដល់សាធារណជន បោសសំអាត និងបានវេចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ ដែលបានធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃ បានប្រព្រឹត្តទៅ ទៅដោយរក្សាបាននូវសោភណភាព និងអនាម័យល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងចូលរួមទទួលខុសត្រូវកាន់តែមានលក្ខណៈល្អប្រសើរ។ ការចូលរួមយកចិត្តទុកដាក់លើការសំអាតអនាម័យបរិស្ថាននាពេលនេះបានធ្វើឱ្យរាជធានីភ្នំពេញ ទីក្រុងជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជាយើង កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។

ឯកឧត្តមសាយ សំអាល់ បញ្ជាក់បន្ថែមថា ដើម្បីឱ្យប្រទេសកម្ពុជាមានអនាម័យបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តបន្ថែមទៀដល់ប្រជាពលរដ្ឋ ឱ្យចាត់ទុកទីក្រុង ទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលកំពុងរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្ម នៅតាមផ្ទះ ចាំបាច់ត្រូវសម្អាតជាប្រចាំ ដើម្បីរក្សាសោភណភាព និងលើកកម្ពស់សុខុមាលភាពសាធារណៈ៕អត្ថបទ៖ សុខ លីដា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation