រាជរដ្ឋាភិបាល៖ ផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី បានទទួលបរាជ័យទាំងស្រុង ដោយសារសាមគ្គីភាពដ៏រឹងមាំ របស់ប្រជាជាតិកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយដោយបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩
ចំថ្ងៃនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បី ផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។

រាជរដ្ឋាបាលមានកិត្តិយសសូមប្រកាសជូនបងប្អូន ជនរួមជាតិ ទាំងអស់មេត្តាជ្រាបថា ផែនការធ្វើរដ្ឋប្រហាររបស់ ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានទទួលបរាជ័យទាំងស្រុង ហើយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមអបអរសាទរការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស បានចូលរួមសហការគ្នាយ៉ាងសកម្មផុលផុសក្នុងការរៀបចំពិធីហូបអំបុក ដែលបង្ហាញអំពីសាមគ្គីភាព ឯកភាជាតិយ៉ាងរឹងមាំ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ សំដៅបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈដល់ប្រជាពលរដ្ឋកម្ពុជាជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកំសាន្តក្នុងថ្ងៃឈប់សម្រាក
ទៅគ្រប់ទិសទីទូទាំងប្រទេស ព្រមទាំងបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក យ៉ាងច្រើនកុះកររហូតដល់ជាង ៤លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

ព្រមជាមួយនេះ រាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករ ចំពោះភាព រអាក់រអួលខ្លះៗ ក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងមកនេះ ដោយសារការរឹតបន្ដឹង ការត្រួតពិនិត្យ ការចេញចូលឆ្លងកាត់ព្រំដែនសំដៅ បង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាម និងដើម្បីធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមនៅតាមព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេស ការសម្រេចបាននូវជោគជ័យ ដ៏ត្រចះត្រចង់ក្នុងការបំផ្លាញចោលទាំងស្រុងនូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ង យកថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលកម្លាំងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ វាងយុត្តិធម៌ ស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ ជាពិសេស ឧបាយកលដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។

ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកដ៏សំខាន់និងមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស
ដែលបានបង្ហាញនូវសាមគ្គីភាពរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសបានបង្ហាញនូវស្វាមីភក្តីដ៏ជ្រាលជ្រៅ បំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញនៅកម្ពុជា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនតូច បានចាញ់បោកការឃោសនា យោបាយ និងឧបាយកលពិសពុលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ីហើយបានចាកចេញទៅកាន់ប្រទេសទី២ ជាពិសេស នៅព្រះរាជាណាចក្រថៃ ដើម្បីត្រៀមចូលរួមក្នុងអ្វីមួយដែលក្រុមឧទ្ទាមហៅថា ការអមដំណើរវិលត្រឡប់ចូល កម្ពុជា របស់ទណ្ឌិតសម រង្ស៊ី។

ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាញ់ឧបាយកលបោកប្រាស់ របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី សូមវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីបន្តរួមរស់ ជាមួយក្រុមគ្រួសារ និងសង្គមជាតិ ក្រោមដំបូលនៃសុខសន្តិភាព។ រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ថា ការដែល បងប្អូនអាចជាប់ពាក់ព័ន្ធនឹង បទល្មើសចូលរួមគំនិតក្បត់ គឺដោយសារការចាញ់បោកឧបាយកលនយោបាយនិងការលួងលោមអូសទាញ ពីសំណាក់ ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ីដែលមានបំណងយបងប្អូនដែលជាជនស្លូតត្រង់ ធ្វើជាឧបករណ៍នយោបាយ និងឈ្លាន់បញ្ឆេះកំហឹងសង្គមដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ក្រុមខ្លួន ដោយមិនគិតពីការស្លាប់រស់ និងសុខទុក្ខរបស់ បងប្អូន និងប្រទេសជាតិឡើយ។ រាជរដ្ឋាភិបាលស្នើសុំ និងលើកទឹកចិត្តឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តជំរុញអនវត្ដមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ដែលចាញ់បោក ឧបាយកលនយោបាយរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី អាចវិលត្រឡប់មកមាតុប្រទេសវិញ ដោយមិនមាន ទោសពៃរ៍។

រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំលើចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ច ការពារនិងថែរក្សាសុខស្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation