ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ចង់អភិវឌ្ឍន៍ក្រុងព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ កម្រិតតំបន់និងអន្តរជាតិ

image

ព្រះសីហនុ ៖ មានប្រសាសន៍ នៅក្នុងបើកការដ្ឋានស្ថាបនាផ្លូវ ចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រះសីហនុ ជាទីក្រុងពហុបំណង មានស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ សម្តេចតេជោ បានបង្ហាញពីបំណង ចង់អភិវឌ្ឍន៍ប្រែក្លាយ ក្រុងកំពង់ផែមួយនេះ ឲ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ កម្រិតតំបន់និងអន្តរជាតិ ដូចទៅនឹងទីក្រុងមួយចំនួន ដូចជា ទីក្រុងហុងកុង និងប្រទេសសិង្ហបុរីជាដើម។

ព្រមជាមួយការសាងសង់ផ្លូវថ្មី ទាំង៣៤ខ្សែ សរុបប្រវែងជាង៨៤គីឡូម៉ែត្រនេះ, សម្តេចតេជោ បានប្រាប់ឲ្យដឹងដែរថា នឹងអភិវឌ្ឍទីក្រុងនេះ ជាទីក្រុងធានានូវសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរបំផុត ដែលមានបំពាក់ដោយប្រព័ន្ធកាម៉េរាសុវត្ថិភាព នៅគ្រប់ផ្លូវសាធារណៈទាំងអស់។


សម្តេចតេជោ សង្ឃឹមជឿជាក់ថា គម្រោងស្ថាបនាផ្លូវនេះ នឹងប្រែក្លាយក្រុងព្រះសីហនុ ដែលជាតំបន់ប៉ូលអភិវឌ្ឍន៍មួយដ៏សំខាន់ ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ ពិតជាមានសេចក្តី សោមនស្សរីករាយ និងទទួលបានមនុញ្ញផល ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាក់ជាមិនខាន។


គួរជម្រាបថា បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ក្នុង​ឆ្នាំ២០១៩នេះ​ អ្នកទេសចរមកខេត្តព្រះសីហនុ​ ជាង១,៩លាននាក់ កើនឡើង​១០.៦៧ភាគរយ។ ក្នុងនោះភ្ញៀវជាតិ មានប្រមាណ១លាន២សែននាក់ និងភ្ញៀវអន្តរជាតិ ប្រមាណ៧៣ម៉ឺននាក់ កើនដល់៥៨.៦ភាគរយ ខណៈភ្ញៀវជាតិថយចុះជាង៦ភាគរយ៕

អត្ថបទ ៖ សន ពិសិដ្ឋ

ព័ត៌មានទាក់ទង...