ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ថ្លែងអំណរគុណដល់ជប៉ុន ដែលរួមចំណែកថែរក្សាសន្តិភាពនិងការអភិវឌ្ឍកម្ពុជា

image

ភ្នំពេញ៖ ឯកឧត្តម Mikami Masahiro (មីកាមី ម៉ាសាហ៊ីរ៉ូ) ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មីប្រចាំកម្ពុជា បានចូលជួបសំដែងការគួរសម និង ពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

នៅក្នុងជំនួបសន្ទនានោះ ក្នុងនាម កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ ឯកឧត្តម មី កា មី ម៉ា សា ហ៊ី រ៉ូ ដែលត្រូវរាជរដ្ឋាភិបាលប្រទេសជប៉ុន តែងតាំងជាឯកអគ្គរាជ ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ចាប់តាំងពីទស្សវត្សទី ៨០ មក និងបានបញ្ជូនកងកម្លាំងរក្សាសន្តិសុខសន្តិភាពមកកាន់កម្ពុជាក្នុងការរៀបចំបោះឆ្នោត ដើម្បីរួមចំណែកថែរក្សាសន្តិភាពជូនដល់ប្រជាជនកម្ពុជា ។ ក្រៅពីនេះទៀត ជប៉ុន ក៏បានជួយដល់កម្ពុជាលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចំរើន ។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែគាំទ្រដល់ដំណើការអភិវឌ្ឍប្រទេសកម្ពុជា និងគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តម បានបន្តលើកឡើងថា ផ្អែកតាមអនុស្សារណៈយោគយល់គ្នា (MOU) និងកិច្ចព្រមព្រៀងផ្សេងៗរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-ជប៉ុន គឺនឹងបើកឱកាសដល់កងទ័ពជើងគោកនៃប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតផងដែរ។

ឯកឧត្តម Mikami Masahiro (មី កា មី ម៉ា សា ហ៊ី រ៉ូ ) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាបាន សម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបន្តធ្វើការអភិវឌ្ឍរីកចំរើនទៅមុខទៀត និង មានសន្តិភាពល្អប្រសើរទៅថ្ងៃអនាគត ។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បញ្ជាក់ទៀតថា ប្រទេសជប៉ុននឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាដើម្បីថែរក្សា សន្តិភាព ស្ថេរភាព និង រួមចំណែកជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចំរើនថែមទៀត ។

សូមបញ្ជាក់ថាជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឯកអគ្គរាជទូតជប៉ុននាពេលនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហការនៃប្រទេសទាំងពីរលើយោធា និងវិស័យផ្សេងៗដើម្បីសេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕ ដោយ៖ អោម ចែងច័ន្ទណារ៉ា