ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន Fusionex Group ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងដើម្បីពង្រឹងការសម្របសម្រួលពាណិជ្ជកម្មវៃឆ្លាតនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី ១៦ ខែវិច្ឆកា ឆ្នាំ២០១៩ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា និង ក្រុមហ៊ុន Fusionex Group ជាក្រុមហ៊ុនដែលធំមួយ និងទទួលបានពានរង្វាន់ជាច្រើន និងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងតំបន់ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ដែលក្រុមហ៊ុនទាំងពីរនឹងសហការគ្នាក្នុងការសម្របសម្រួលពាណិជ្ជកម្មវៃឆ្លាតនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងដែលរៀបចំធ្វើឡើងនៅការិយាល័យលក់ខុនដូ North Park អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុន EZECOM ជាដើម គឺជាក្រុមហ៊ុនដែលឈានមុខគេខាងឌីជីថល សេវាទូទាត់ប្រាក់ សេវាអ៊ីនធឺណិត និងជាជម្រើសដៃគូល្អមួយនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចាប់ដៃគូជាមួយ Fusionex Group ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក សម្រាប់បច្ចេកវិទ្យា Big Data, Artificial Intelligence (AI) និងការសម្របសម្រួលពាណិជ្ជកម្មឆ្លាតវៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មសម្រាប់ព្រះរាជាណាចក្រកម្ពុជា។


នៅក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងនេះ លោក Rami Sharaf តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងវិស័យឌីជីថល និងបានជួយដល់សហគ្រិន និងអាជីវករនៅកម្ពុជាជាច្រើនឲ្យមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មឌីជីថល។

លោក Rami បានបន្តថា ការចុះហត្ថលេខានេះ ជាផ្នែកមួយដើម្បីជួយឲ្យវិស័យពាណិជ្ជកម្មឌីជីថលកាន់តែមានប្រសើរឡើង ព្រោះបច្ចុប្បន្ននេះ ការធ្វើពាណិជ្ជកម្ម ឌីជីថលនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះមានការប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទដៃ ពីសំណាក់ប្រជាជនកម្ពុជា មានការកើនឡើងគួរឲ្យគត់សំគាល់។

ជាមួយគ្នានេះ លោក Jacob Isaac (យាកប់ អាយសាក់) នាយកគ្រប់គ្រង ក្រុមហ៊ុន Fusionex Group បានមានប្រសាសន៍ថា ក្រុមហ៊ុន Fusionex បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីជួយជំរុញទៅដល់ការធ្វើពាណិជ្ជកម្មឌីជីថលនៅទូទាំងពិភពលោក ហើយការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅថ្ងៃនេះ យើងរំពឹងថានឹងជួយឲ្យប្រទេសកម្ពុជាលេចធ្លោជាមួយនឹងការប្រើបច្ចេកវិទ្យាថ្មីៗ ជាពិសេសបានជួយសម្រួលច្រើនដល់ការងារពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។


គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឈានមុខទាំងពីរនេះនឹងនាំមកនូវចំណេះដឹងនិងជំនាញក្នុងវិស័យវិភាគទិន្ន័យ Big Data, AI និងការសម្របសម្រួលពាណិជ្ជកម្មឆ្លាតវៃដល់កម្ពុជា ដែលជាកម្លាំងជំរុញ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកទឹកចិត្តពាណិជ្ជកម្មអន្តរជាតិ៕ ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation