ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តក្នុងការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច

image

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងមុខងារមុខងារសាធារណៈបាន ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ក្រោមអធិបតីឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមន្រ្តីពាក់ព័ន្ធពីបណ្តាក្រសួងផ្សេងៗជាច្រើនទៀត។

ការប្រជុំផ្សព្វផ្សាយនេះបានរំលេចពីអាទិភាពសំខាន់ៗ ដែលនឹងរួមចំណែកដល់ការជំរុញការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩ -២០២៣ ) ជាពិសេស ការចូលរួមដល់ការសម្រេច +ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច” ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ អាទិភាពទាំងនោះរួមមាន៖
១)-ការកែទម្រង់ប្រព័ន្ធបៀវត្សសម្រាប់មន្ត្រីរាជការ
២)-ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន
៣)-ការពង្រឹងសេវារដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ
៤)-ការពង្រឹងប្រសិទ្ធភាព ផលិតភាព និងប្រសិទ្ធផលការងារ និង ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៏ថា ដើម្បីសម្រេចនូវអាទិភាពទាំងនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីកំណត់យុទ្ធសាស្រ្ត សកម្មភាពគោល និងតម្រូវការធនធានជាក់លាក់ ដោយបានបញ្ជាក់ពីអង្គភាពទទួល
ខុសត្រូវលើការអនុវត្តសកម្មភាពគោលនីមួយៗ។
ផែនការយុទ្ធសាស្ត្រនេះនឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ក្នុងការចង្អុលបង្ហាញផ្លូវ ដើម្បីជំរុញការអភិវឌ្ឍវិស័យមុខងារសាធារណៈ ក៏ដូចជាការអនុវត្តកម្មវិធីនានា សម្រាប់ឆ្នាំ២០១៩-២០២៣ ឱ្យសម្រេចបានជោគជ័យ ហើយក៏រំពឹងដែរថា ផែនការនេះនឹងរួមចំណែកគាំទ្រដល់ការសម្រេចបានមហិច្ឆតារបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្ត ២០១៩» ២០២៣ គឺដើម្បីអង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈ ទាំងអស់ត្រូវទទួលបន្ទុកអនុវត្តផែនការនេះ ទៅតាមដែនសមត្ថកិច្ចដែលពាក់ព័ន្ធទៅនឹងអង្គភាពនីមួយៗអោយមានប្រសិទ្ធភាព៕អត្ថបទ គង់ វណ្ណៈ ​