រយៈពេល១០ខែឆ្នាំ២០១៩ស្ថានភាពបទល្មើសជួញដូរមនុស្ស ត្រូវបានបង្ការ ទប់ស្កាត់ កាន់តែប្រសើរឡើងជាបន្តបន្ទាប់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍១០ខែឆ្នាំ២០១៩ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។

យោងរបាយការណ៍១០ខែឆ្នាំ២០១៩ បានបញ្ជាក់ថា ស្ថានភាពបទល្មើសជួញដូរមនុស្ស ត្រូវបានបង្ការ ទប់ស្កាត់ កាន់តែប្រសើរឡើងជាបន្តបន្ទាប់ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងមានកិច្ចសហការគ្នាបានល្អ រវាងក្រសួង ស្ថាប័ន អង្គភាព សមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួមគ្នា។ 

របាយការណ៍បានបញ្ជាក់ទៀតថា កន្លងការផ្តល់ភាពស្របច្បាប់ជូនពលករ កម្ពុជា ប្រមាណមួយលានប្រាំបីម៉ឺននាក់ គឺជាលទ្ធផលជោគជ័យ សម្រាប់ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ។ 

របាយការណ៍១០ខែឆាំ២០១៩នេះក៏បានបង្ហាញថានៅមានពលករខ្មែមិនទាន់មានឯកសារច្បាប់ត្រូវបានសមត្ថកិច្ចថៃ រកឃើញ ផាកពិន័យ ឃាត់ខ្លួន ហើយតម្រូវឲ្យត្រឡប់មករៀបចំឯកសារនៅក្នុងស្រុក ឬបញ្ជូនត្រឡប់ជារៀងរាល់ថ្ងៃ។ ជនរងគ្រោះមួយចំនួន ត្រូវបានរកឃើញថា កាន់ឯកសារមិនត្រឹមត្រូវ ឬក្លែងបន្លំ និងមិនអាចទទួលផលប្រយោជន៍ស្របច្បាប់បាន។ 

ជាមួយនេះក៏មាន ជនបោកប្រាស់ ដែលបានប្រើរូបភាព ជាភ្នាក់ងារមានសមត្ថកិច្ចផ្តល់ឯកសារក្លែងក្លាយ ជាអ្នករត់ការផ្តល់ភាពស្របច្បាប់ ឬឃោសនាជាអ្នកជ្រើសរើស ដើម្បីបញ្ជូនទៅរកការងារក្រៅប្រទេស ហើយប្រមូលកម្រៃសេវាពីពលករជាដើម ។ ជនបោកប្រាស់ទាំនោះ សមត្ថកិច្ចប្រទេសថៃនិងប្រទេស កម្ពុជា បានស្រាវជ្រាវ ចាប់ខ្លួន និងផ្តន្ទាទោស ជាបន្តបន្ទាប់។

ចំពោះបទល្មើសថ្មី ដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឆ្លងដែន គឺអំពើពពោះជំនួស និងមេខ្យល់នាំស្រ្តីជាកូនក្រមុំឆ្លងដែនស្វែងរកគូស្រករនៅក្រៅប្រទេស ក៏ត្រូវបានរកឃើញ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា និងនៅតែបន្តស្រាវជ្រាវ ថែមទៀត ។ ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក៏ត្រូវបានយកចិត្តទុកដាក់ ផងដែរ ដើម្បីបំពេញភាពខ្វះចន្លោះនៃច្បាប់ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យសមត្ថកិច្ច ខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ ដោយផ្ទាល់ និងដោយប្រយោល នៅគ្រប់មជ្ឈដ្ឋាន ច្រកល្ហក ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ឈប់ចាញ់បោកមេខ្យល់ និងជនខិលខូចដែល ទាញយកផលចំណេញពីគ្រប់តំណាក់កាលនៃទេសន្តរប្រវេសន៍ ឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះ ខូចខាតទ្រព្យសម្បត្តិ បាត់បង់ផ្ទះសម្បែងបែកបាក់កូនចៅ ក្រុមគ្រួសារ រហូតដល់ពិការ និងបាត់បង់អាយុជីវិត ក្នុងអំពើកេងប្រវ័ញ្ចគ្រប់រូបភាព ដែលហៅថា "ទាសភាពសម័យទំនើប"៕ដោយ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation