ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួន៤រូប

image

ភ្នំពេញ៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទី គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រីចំនួន៤រូប ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ។ នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រីចំនួន៤រូប ដែលត្រូវបញ្ចប់សមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិច មានដូចជា៖

១. លោក ពេជ្រ សូជេថ្ថា អគ្គលេខាធិការ
២. លោក រស់ សាផន
៣. លោក ណុប សុធារិទ្ធិ អគ្គលេខាធិការរង
៤. លោកស្រី កង បូរាណ នាយកខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

បន្ទាប់ពីបញ្ចប់សមាជិកភាព មន្ត្រីទាំង៤រូបនេះ រួមទាំងាំងមន្ត្រីមួយចំនួនទៀតបានប្រមូលផ្តុំគ្នាតវ៉ានៅមុខស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានសម្តែងការមិនពេញចិត្តចំពោះការបញ្ចប់សមាជិកភាព របស់ពួកគេពីគណបក្សហ៊្វុនស៊ិនប៉ិច។

លោកណុប សុធារិទ្ធ អតីតអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងក្នុងសន្និសីទកាសែតនៅមុខស្នាក់ការបក្សហ៊្វុនស៊ិនប៉ិចកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកាថា "ព្រះអង្គម្ចាស់
នរោត្តម ចក្រាវុធ នៅតែប្រើអំណាចដែលខុសច្បាប់ និងខុសលក្ខន្តិកៈបក្សត្រង់ប្រការ២៤។ ការមកជួបជុំនេះ មិនមែនមកធ្វើបក្សប្រឆាំង បក្សប្រហារអ្វីទេ។ ខ្ញុំសោកស្តាយកាលពីព្រលប់ថ្ងៃទី១៦ វិច្ឆិកា ដោយសារព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើកងកម្លាំងមួយចំនួនឲ្យចូលមកហ៊ុំព័ន្ធស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច។ ខ្ញុំមិនដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដាក់កម្លាំងមកព័ន្ធស្នាក់ការបក្សរឿងអ្វីទេ"៕អត្ថបទ ៖ មួង សុវណ្ណារិទ្ធ


ព័ត៌មានទាក់ទង...