សម្តេចធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និង ខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលនឹងនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និង ខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី "។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានបន្តថា "កន្លងទៅ រាជរដ្ឋាភិបាលតែងតែគាំទ្រចំពោះសកម្មភាពគណៈមេធាវី តាមរយៈការផ្តល់ ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និង ក្មេងស្រីរងគ្រោះ ស្ទើតែងតាំងតំណាង គណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និង គណៈកម្មាធិការនានា"។
សម្តេចធិបតី បញ្ជាក់ថា "រាជរដ្ឋាភិបាលបានទទួលស្គាល់តួនាទីរបស់មេធាវី ក្នុងការចូលរួមពង្រឹងនីតិរដ្ឋ តាមរយៈការតែងតាំងមេធាវីជា ទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាលរាជធានីខេត្ត ជាដើម"។
សម្តេចធិបតី ក៏បានលើកឡើងថា "រាជរដ្ឋាភិបាលបានផ្ដល់ថវិកាដល់គណៈមេធាវីចំនួន ២ ៩០០ លានរៀលក្នុងមួយឆ្នាំ តាមរយៈ កញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ចំនួន ២ ៦០០ លានរៀល និង កញ្ចប់ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចំនួន ៣០០ លានរៀល សម្រាប់ជួយការពារក្តី និង ពិគ្រោះយោបល់ ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និង ក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និង អំពើ បំពានលើសិទ្ធិ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី "៕