សង្គម

សម្តេចធិបតី ណែនាំឲ្យមេធាវីគ្រប់រូបត្រូវគោរពច្បាប់ ត្រូវចៀសឱ្យខាងតែបាន នូវអាកប្បកិរិយាក្រអឺតក្រអោង និង អំពើល្មើសច្បាប់ណាមួយ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យមេធាវី គ្រប់រូបត្រូវគោរពច្បាប់ និង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវចៀសឱ្យ ខាងតែបាននូវអាកប្បកិរិយាក្រអឺតក្រអោង និង អំពើល្មើសច្បាប់ណាមួយ ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ក៏បានណែនាំឲ្យគណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និង ការបង្កើនសមត្ថភាពមេធាវី ទាំង ជំនាញរឹង និង ជំនាញទន់ ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌ មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និង បេសកកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំង អំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យ យុត្តិធម៌” ។

សម្តេចធិបតី ក៏បានថ្លែងណែនាំដល់ អង្គភាពនគរបាលយុត្តិធម៌ទាំងអស់ សូមសហការជួយសម្រួល ដល់មេធាវី ដែលបានអនុវត្ដវិជ្ជាជីវៈក្នុងការអមកូនក្តីនៅដំណាក់កាលស៊ើបអង្កេតបឋមរបស់ នគរបាលយុត្តិធម៌ ៕