ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស គឺផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ និងប្រព័ន្ធផ្ទុកថាមពល។
ពាក់ព័ន្ធគម្រោងវិនិយោគខាងលើនេះ ក្រុមហ៊ុន កំពុងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចជំនួបមួយរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) និងគណៈប្រតិភូ ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Design Institute Co., Ltd (Energy China YNPD) ដឹកនាំដោយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI កាលពីថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២៤។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនបានស្វែងរកការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២- ការវិនិយោគក្នុងវិស័យទេសចរណ៍ និងទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។
លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI បានលើកឡើងថា គោលបំណងនៃការពិភាក្សាការងារនាពេលនេះគឺដើម្បីជម្រាបជូនពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុន EnergyChina YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។
លោកបានគូសបញ្ជាក់ថា គម្រោងតំបន់ថាមពលពិសេសនេះ នឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ ជា វុទ្ធី បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) បានវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាម៉េរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣៕