ស្អែកនេះ! កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងលោក អឺអិណុ អាស៊ីស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹក ប្រាក់សរុប ៧.៩៨៨លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) (III) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិ
វឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្តល់ឥណទានសម្បទាននេះក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖ វង សុភ័ក្ត្រ