សេដ្ឋកិច្ច

ថៅកែក្រុមហ៊ុន AIAI៖ គិតត្រឹមពេលនេះ ព្រលានយន្តហោះសៀមរាបអង្គរ បានទទួលអ្នកដំណើរ ៩០ម៉ឺននាក់ និងរំពឹងកើន ១,៥លាននាក់ នៅដំណាច់ឆ្នាំនេះ

image


ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) លោក Lu Wei បានអះអាងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១,៣លាននាក់ ហើយនឹងកើនដល់ ១,៥លាននាក់ នៅដំណាច់ឆ្នាំ ២០២៤នេះ។


ការលើកឡើងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI យ៉ាងដូច្នេះ ក្នុងអំឡុងពេលដែលលោកដឹកនាំគណៈប្រតិភូ ក្រុមហ៊ុន AIAI និងគណៈប្រតិភូ ក្រុមហ៊ុន Energy China YNPD ចូលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២៤។


ក្នុងជំនួបនោះ លោក Lu Wei បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការធ្វើអាជីវកម្មនៅកម្ពុជា ពាក់ព័ន្ធស្ថានភាពការទទួលអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក្រៅពីនេះ លោកក៏បានលោកបង្ហាញពីបំណងវិនិយោគទៅលើគម្រោងបង្កើតតំបន់ថាមពលពិសស វិនិយោគក្នុងវិស័យទេសចរណ៍ និងវិនិយោគក្នុងវិស័យកសិកម្ម នៅកម្ពុជា ផងដែរ។


ទន្ទឹមនឹងនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរដែលគិតមកទល់ ពេលនេះមានរយៈពេលជិត ១ឆ្នាំ។


លោកបានលើកឡើងថា៖ «ការបើកដំណើរការអាកាសយានដ្ឋាននេះបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជំរុញទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា ពិសេស ខេត្តសៀមរាប»។


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣។ អាកាសយានដ្ឋាននេះ ចំណាយទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាម៉េរិក ដែលជាការវិនិយោគដោយក្រុមហ៊ុនចិន AIAI ក្នុងលក្ខខណ្ឌកិច្ចសន្យា BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។


ព្រលានយន្តនេះ ត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះ Boeing ៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី ៦៥ម៉ែត្រប៉ុណ្ណោះ៕