សង្គម

ពិធីដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ស្អែកនេះ

image


ភ្នំពេញ៖ ការដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នឹងត្រូវធ្វើឡើងនៅថ្ងទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ៦:០០នាទីព្រឹក ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការដង្ហែសពដោយចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថី សម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីឱ្យពិធីដង្ហែសពខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន។ ដូចនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕