ព័ត៌មានអន្តរជាតិ

អាជ្ញាធររដ្ឋចរចា បញ្ជាក់ថា ជនសង្ស័យវ័យ១៤ឆ្នាំ ដែលបាញ់ប្រហារក្នុងវិទ្យាល័យ​នឹងរងការកាត់ទោសដូចមនុស្សពេញវ័យ

image


សហរដ្ឋអាម៉េរិក៖ ប្រធានការិយាល័យស៊ើបអង្កេតរដ្ឋចរចា លោក គ្រីស ហូសី (Chris Hosey) បានឱ្យដឹងថា ទោះបីជាមានអាយុត្រឹមតែ ១៤ ឆ្នាំក៏ដោយ ក៏ជនសង្ស័យខូលហ្គ្រេយ (Colt Grey) នឹងប្រឈមមុខជុំវិញការចោទប្រកាន់ និងត្រូវបានកាត់ទោសនៅឯតុលាការ ដូចគ្នានឹងមនុស្សពេញវ័យដែរ។

ការសម្រេចចិត្តនេះ ធ្វើឡើងសម្រាប់ករណីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ មានន័យថា ជនសង្ស័យនឹងត្រូវទទួលរងនូវដំណើរការផ្លូវច្បាប់ និងរងការដាក់ទណ្ឌកម្ម ដែលអាចកើតមានដូចគ្នាចំពោះមនុស្សពេញវ័យ ។

ករណីបាញ់ប្រហារនៅក្នុងវិទ្យាល័យនាពេលនេះ គឺជាករណីចាប់ផ្តើមដំបូងបំផុតសម្រាប់សាលារៀននៅក្នុងឆ្នាំសិក្សាថ្មី នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយបានរំឮកឡើងវិញ ដល់សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ពាក់ព័ន្ធនឹងការគំរាមកំហែងនៃអំពើហិង្សាដោយកាំភ្លើង នៅក្នុងសាលារៀន និងមហាវិទ្យាល័យ នៅទូទាំងប្រទេស ។

គួររំឮកថា មនុស្ស ៤ នាក់ស្លាប់ រួមមានសិស្ស ២ នាក់ និងគ្រូ ២ នាក់ នៅក្នុងករណីបាញ់ប្រហារនៅឯវិទ្យាល័យ អាប៉ាឡាជី (Apalachee) ក្នុងទីក្រុងវ៉ាញឌើរ (Winder) រដ្ឋចរចា (Georgia) កាលពីថ្ងៃពុធ ដោយអ្នករងរបួសចំនួន ៩ នាក់ រួមមាន សិស្ស ៨ នាក់ គ្រូម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ហើយហេតុការណ៍នេះ កើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីសាលាចាប់ផ្តើមបើកបវេសនកាលថ្មី នេះបើយោងតាមការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ USA Today
រូបភាព៖ Wsb Tv/ Teahub/ Reuters/ CNN