ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ឯកឧត្តមស៊ី ជីនពីង ស្វាគមន៍មេដឹកនាំអាហ្វ្រិក នៅមុនកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីប៉េកាំង

image


ចិន៖ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ទៅកាន់ប្រមុខរដ្ឋនៃបណ្តាប្រជាជាតិអាហ្វ្រិកទាំង ៥០ ប្រទេស ដែលមានវត្តមានចូលរួមនៅក្នុងវេទិកាកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក កាលពីថ្ងៃពុធ នៅរដ្ឋធានីប៉េកាំង មុនពេលបើកកិច្ចប្រជុំកំពូល ។

មេដឹកនាំទាំងអស់ រួមមានទាំង ប្រធានាធិបតីប្រទេសកេនយ៉ា វីលៀម រ៉ូតូ (William Ruto) ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ស៊ើរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) នាយករដ្ឋមន្ត្រីអេហ្ស៊ីប ម៉ូស្តាហ្វា ម៉ាត់ប៊ូលី (Mostafa Madbouly) ប្រធានាធិបតីនីហ្សេរីយ៉ា បូឡា អាម៉េដ ទីនូប៊ូ (Bola Ahmed Tinubu) និងប្រធានាធិបតីហ្ស៊ីមបាវ៉េ អ៊ែមម៊ើសុន ម្នានហ្គាវ៉ា (Emmerson Mnangagwa) ។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក អាន់តូនីញ៉ូ ហ្គតធើរ៉េស (Antonio Guterres) បានបង្ហាញវត្តមានចូលរួមផងដែរ ក្នុងនាមជាភ្ញៀវពិសេស ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខដឹកនាំចិន នឹងបើកវេទិកាកិច្ចប្រជុំលើកទី ៩ ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ក្នុងទីក្រុងប៉េកាំង ដោយគេរំពឹងថា ឯកឧត្តមស៊ី នឹងជំរុញទឹកចិត្តមេដឹកនាំអាហ្វ្រិក ឱ្យបង្កើនការនាំចូលផលិតផលចិនទៅកាន់ប្រទេសរបស់ពួកគេបន្ថែមទៀត ហើយចិននឹងប្តេជ្ញាចិត្តគាំទ្រផ្នែកហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី និងការវិនិយោគទៅកាន់ប្រទេសទាំងអស់នោះជាបន្តបន្ទាប់ទៀត ដែលទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រកាន់តែរឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។

ទន្ទឹមគ្នានេះ មេដឹកនាំអាហ្វ្រិក នឹងស្វែងរកដំណោះស្រាយហិរញ្ញប្បទានឱ្យបានលឿននិងរហ័សជាងមុន ចំពោះវិបត្តិបំណុលដែលកំពុងកើនឡើងនៅទូទាំងទ្វីប ដោយមេដឹកនាំអាហ្វ្រិក សង្ឃឹមថា ដំណោះស្រាយទាំងនេះ នឹងត្រូវបានបញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ទីក្រុងប៉េកាំង ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និង បណ្តាប្រទេសអាហ្រ្វិកសម្រាប់ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ ក៏ដូចជាការសន្យាលើការវិនិយោគថ្មីៗ រួមទាំងគម្រោងផ្សេងៗដូចបានស្នើឡើងក្នុងអំឡុងកិច្ចប្រជុំនាទីក្រុងដាកា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters