ព័ត៌មានអន្តរជាតិ

អ្នកជំងឺក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កំពុងពេញនិយមវិធីព្យាបាលដោយឱ្យឃ្មុំទិច ជំនួសឱ្យថ្នាំពេទ្យបែបទំនើប

image


អ៊ីរ៉ាក់៖ លោក មូស្តាហ្វា កាណាន់ (Mustafa Kanaan) ជាអ្នកចិញ្ចឹមឃ្មុំ ដែលប្រើប្រាស់វិធីសាស្ត្រព្យាបាលអ្នកជំងឺតាមរយៈទ្រនិចរបស់សត្វឃ្មុំ នៅក្នុងទីក្រុងម៉ូស៊ុល (Mosul) ភាគខាងជើងប្រទេសអ៊ីរ៉ាក់ កំពុងតែទទួលបានការពេញនិយមពីអ្នកជំងឺទាំងឡាយ ដែលធ្លាប់តែបោះបង់ចោលការព្យាបាលដោយថ្នាំពេទ្យទំនើបៗសម្រាប់អាការៈជំងឺរបស់ពួកគេ ។

តាំងពីឆ្នាំ ១៩៩៧ លោកកាណាន់ (Kanaan) ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែង បានចាប់ផ្តើមប្រើវិធីសាស្ត្រព្យាបាលអ្នកជំងឺដោយឱ្យឃ្មុំទិច ។ សម្រាប់ការព្យាបាលដំបូងៗ លោកមិនយកថ្លៃសេវាអ្វីនោះទេ ប៉ុន្តែឥឡូវនេះ លោកបានគិតថ្លៃសេវាចំនួន ១,០០០ ឌីណារនៃរូបិយប័ណ្ណអ៊ីរ៉ាក់ (ប្រហែល ៣,០០០៛) ក្នុងមួយវគ្គព្យាបាល ដោយការកំណត់តម្លៃនេះ មិនមែនជាការរកប្រាក់ចំណេញអ្វីឡើយ ដោយគ្រាន់តែដើម្បីគ្រប់ដណ្ដប់លើការចំណាយជាមូលដ្ឋានតែប៉ុណ្ណោះ បន្ទាប់ពីអ្នកស្រុកមានការទទួលស្គាល់ច្រើន និងមានតម្រូវការព្យាបាលខ្ពស់ ។

វិធីសាស្ត្រព្យាបាលដោយឱ្យឃ្មុំទិច គឺជាការអនុវត្តបែបបុរាណក្នុងការព្យាបាលស្ថានភាពសុខភាពផ្សេងៗគ្នា ហើយវិធីសាស្ត្រនេះ មានអាយុកាលរាប់ពាន់ឆ្នាំណាស់មកហើយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ និងត្រូវបានប្រើប្រាស់នៅក្នុងអរិយធម៌បុរាណ ដូចជា ក្រិក អេហ្ស៊ីប និងចិន ។

អ្នកគាំទ្រវិធីសាស្ត្រព្យាបាលដោយពិសរបស់ឃ្មុំ ជំនួសឱ្យថ្នាំពេទ្យ បានអះអាងថា វាពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺជាច្រើនប្រភេទ និងមានលទ្ធផលប្រកបដោយគុណភាពសម្រាប់ព្យាបាលបញ្ហាលំបាក និងជំងឺរ៉ាំរ៉ៃដែលថ្នាំពេទ្យទំនើបៗមិនអាចព្យាបាលបាន ។

ទោះបីជាវិធីសាស្ត្របែបនេះ កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកស្រុកក៏ដោយ ក៏អង្គការវេជ្ជសាស្ត្រមួយចំនួន នៅតែមានក្តីព្រួយបារម្ភអំពីផលប៉ះពាល់របស់វា ។
ក្នុងនោះ គេហទំព័រវេជ្ជសាស្រ្ដ វែបអិមឌី (WebMD) របស់អាម៉េរិក បានលើកឡើងថា ភ័ស្តុតាងវិទ្យាសាស្ត្រតិចតួចបំផុតដែលគាំទ្រចំពោះគំនិតនៃវិធីសាស្ត្រប្រើប្រាស់ទ្រនិចរបស់សត្វឃ្មុំ ថាមានអត្ថប្រយោជន៍សម្រាប់ជំងឺជាច្រើនប្រភេទ។
គេហទំព័រដដែលនេះ និយាយថា ភស្តុតាងមួយចំនួនបង្ហាញថា វាអាចជួយកាត់បន្ថយការឈឺចាប់ក្នុងករណីខ្លះជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែវាមិនមានប្រសិទ្ធភាព ដើម្បីព្យាបាលអ្នកជំងឺក្នុងរយៈពេលយូរបានឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ News Week/ Reuters Connect