រាជរដ្ឋាភិបាល ផ្តល់អាទិភាពរាល់ការអភិវឌ្ឍទាំងឡាយណា គិតគូរដល់ការអភិរក្សធនធានធម្មជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍(២០១៩-២០៣០) នៅសណ្ឋាគារហ្គាឌិនសុីតធី។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងបានគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃទាំងឡាយ”។

សម្ដេចរំលឹកថា រាជរដ្ឋាភិបាល ធ្លាប់បានលុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនី ព្រមជាមួការលុបចោលគម្រោងយករ៉ែទីតាញ៉ូម(Titanium) នៅតំបន់អារ៉ែង និងតំបន់ភ្នំក្រវ៉ាញ បើទោះបីជា ផលប្រយោជន៍សេដ្ឋកិច្ចដែលនឹងទទួលបានពីគម្រោងទាំងពីរមានទំហំធំ និងរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដោយ ដោយរក្សាទុកតំបន់នេះ ជាគោលដៅទេសចរណ៍សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយតទៅទៀត។

ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ មួយចំនួន រួមមាន ៖

ទី១-ក្នុងក្របខ័ណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់អេកូទេសចរណ៍អាទិភាព។

ទី២-ខណៈដែលសហគមន៍ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរហូតដល់ជាង ២.៣០០ កន្លែង ប៉ុន្តែសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ មានចំនួនតែប្រមាណ ១២៥ កន្លែងប៉ុណ្ណោះ។

ទី៣- រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈអភិបាលរាជធានីខេត្ត ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវភ្ជាប់ ទៅគោលដៅសហគមន៍ទេសចរណ៍អាទិភាព។ រដ្ឋមន្ដ្រី ស្នើឲ្យក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការសិក្សាលម្អិតអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបជាងទីផ្សារសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍។

ទី៤-ដើម្បីជំរុញការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសហគមន៍ទេសចរណ៍ និងអេក្ខទេសចរណ៍ រដ្ឋមន្ដ្រី គាំទ្រឲ្យមានការរៀបចំវេទិកាជាតិលើកទី២នៅឆ្នាំ២០២០ និងជារៀងរាល់ឆ្នាំ និងគាំទ្រឲ្យស្នើសុំ រាជរដ្ឋាភិបាល រៀបចំទិវាជាតិអេកូទេសចរណ៍ប្រចាំឆ្នាំ ដោយកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃដែលរាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ គោលនយោបាយជាតិ អេកូទេសចរណ៍។

ទី៥- ដើម្បីជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឲ្យបានទូលំទូលាយ រដ្ឋមន្ដ្រីជំរុញលើកទឹកចិត្តស្នើឲ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់រៀបចំខ្សែទស្សនកិច្ចនិងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់សហគមន៍ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ហើយការរៀបចំកញ្ចប់ទស្សនកិច្ចទាំងនេះត្រូវតែឆ្លងកាត់ស ហគមន៍។

ទី៦-ខណៈដែលការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

ទី៧-ដូចដែលបានដឹងហើយថា ការអភិវឌ្ឍសកម្មភាពអាជីវកម្មក្នុងការផ្តល់សេវាជូនភ្ញៀវទេសចរពិតជាមានសារៈសំខាន់សម្រាប់សហគមន៍។

និងទី៨-ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្ត ត្រូវបន្តជួយដល់គ្រប់សហគមន៍ទាំងអស់ក្នុងការដាក់ស្លាកសញ្ជាឲ្យបានគ្រប់គ្រាន់៕អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation