សន្តិសុខសង្គម

ក្មេងប្រុស២នាក់ ក្នុងចំណោម៤នាក់​ បានលង់ទឹកស្លាប់ក្នុងបរិវេណការដ្ឋានបូមខ្សាច់ក្បែរមាត់ទន្លេ​ជ្រោយ​ចង្វារ​

image


ភ្នំពេញ៖ ក្មេងប្រុសចំនួន ២នាក់ បានលង់ទឹកស្លាប់ ក្រោយរត់ចូលទៅលេងក្នុងបរិវេណការដ្ឋានបូមខ្សាច់ក្បែរមាត់ទន្លេ នៅជ្រោយចង្វារ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅការដ្ឋានបូមខ្សាច់១កន្លែង ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារសព បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងៗចំនួន៤នាក់ បាននាំគ្នារត់លេងនៅម្តុំក្បែរកាដ្ឋានបូមខ្សាច់ ១កន្លែង ស្ថិតនៅភូមិដើមគ ដោយការដ្ឋានខាងលើមិនមានហ៊ុមព័ទ្ធរបង ឬសំណាញ់ការពារសុវត្ថិភាពត្រឹមត្រូវ ទើបមានចន្លោះប្រហោង ដែលក្មេងៗអាចរត់ចូលលេងដល់ក្នុងបរិវេណខាងលើបាន។ រហូតដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានក្មេងធ្លាក់ចូលទឹកនៅចំណុចការដ្ឋានបូមខ្សាច់ខាងលើបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ និងក្រុមគ្រួសាររបស់ក្មេងៗរងគ្រោះ នាំគ្នារត់ទៅជួយសង្គ្រោះ តែជាអកុសលក្មេងប្រុស២នាក់ក្នុងចំណោមក្មេងៗទាំងនាក់បានស្លាប់ដោយសារលង់ទឹក និងខ្លួនប្រាណសុទ្ធតែខ្សាច់។


សពក្មេងប្រុសទាំង២នាក់ ដែលបានស្លាប់ ម្នាក់មានឈ្មោះ ម៉េង ហៅម៉ាប់ មានអាយុ៩ឆ្នាំ ត្រូវជាបង និងម្នាក់ទៀតឈ្មោះ ម៉ី មានអាយុ៦ឆ្នាំ ត្រូវជាប្អូន។


យោងតាមការរៀបរាប់ពីបុរសជាឪពុក បានឲ្យដឹងថា គាត់តែងតែហាមកូនៗរបស់គាត់ដែរថាកុំឱ្យទៅលេងក្បែរតំបន់នោះ ទឹកទន្លេផង ការដ្ឋានផង គឺគ្រោះថ្នាក់ណាស់។ ស្រាប់តែល្ងាចម៉ោងកើតហេតុ មានក្មេងៗរត់មកប្រាប់គាត់ថា កូនរបស់គាត់បានលង់ទឹកនៅចំណុចការដ្ឋានខាងលើ គាត់ក៏បាននាំគ្នាទៅជួយសង្គ្រោះកូន រហូតស្រង់កូនបានទាំង២ ឃើញខ្លួនប្រាណកូនប្រឡាក់ខ្សាច់ ដោយគិតថាមានសង្ឃឹម ក៏បញ្ជូនក្មេងទាំង២ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលកូនរបស់គាត់បានផុតទាំង២នាក់បាត់ទៅហើយ។


ក្រោយកើតហេតុ សពក្មេងប្រុសទាំង២ ត្រូវបានក្រុមគ្រួសារយកទៅផ្ទះវិញ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ ចំណែកអ្នកភូមិនៅក្បែរនោះបានសំនូមពរឱ្យម្ចាស់ការដ្ឋានមានវិធីសាស្រ្តយ៉ាងណាដាក់រនាំង ឬរបងការពារទីតាំងខាងលើកុំឱ្យក្មេងៗចូលបាន ព្រោះរៀងរាល់ល្ងាចគេតែងឃើញក្មេងៗរត់លេងម្តុំនោះច្រើន៕


ដោយ៖ ឌីយ៉ាម៉ង់