ប្រធានស្ថាបនិក ICAPP ចាត់ទុកសម្តេចតេជោ ជាវីរៈជនគំរូមួយរូប ចំពោះការដឹកនាំ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ទទួលជួប ឯកឧត្តម ហូស្សេ ឌឺ វីនេហ្សៀ (Jose de Venecia) អតីតប្រធានសភាហ្វីលីពីន និងជាប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP)​ នៅវិមានសន្តិភាព។

តាមការប្រាប់ឲ្យដឹងពីឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហូស្សេ បានអរគុណសម្ដេចតេជោ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​នេះ។ ឯកឧត្តម បានកោតសរសើរ ចំពោះការដឹកនាំ របស់សម្ដេច ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។

ឯកឧត្តម ក៏បានកោតសរសើរ សម្តេចដែលដឹកនាំ​កម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជា ជាប្រទេសគំរូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយ ចំពោះការដឹកនាំនៅកម្ពុជា។

ឯកឧត្តម បានជម្រាបជូនសម្ដេចដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំក្រោយ នឹងមានការប្រារព្ធខួប​២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះ ឯកឧត្តម​បានអញ្ជើញ​សម្ដេចដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា​ ដែលធ្វើឡើង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ជាការឆ្លើយតប សម្ដេចតេជោ បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០​នេះ ដើម្បីចូលរួម ថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation