សន្តិសុខសង្គម

កម្លាំងអាវុធហត្ថ​ បញ្ជូនជនសង្ស័យជនជាតិថៃ ចំនួន ៥នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ៧៣គីឡូក្រាម និងកាន់កាប់ឣាវុធខុសច្បាប់

image


បន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិថៃ ចំនួន ៥នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង ៧៣គីឡូ ក្រាម និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត បន្ទាប់ពីទទួលបានព័ត៌មានថា មានជនសង្ស័យជាជនជាតិថៃខាងលើនេះ កំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។

លោកបានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ រហូតដល់វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ C62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត, មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន ០៥នាក់។

ជនសង្ស័យទាំង ៥នាក់នេះ រួមមាន៖ ១. ឈ្មោះ វីរ៉ាឆៃ មីស៊ីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ, ២. ឈ្មោះ ចាក់កាក់ផាន់ ផូស៊ី ហៅ ប៉ុក ភេទប្រុស ឣាយុ ២៩ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ រ៉ាក់សាន់ ផុងសឿ ហៅ ឣូរ ភេទប្រុស ឣាយុ ៣៣ឆ្នាំ ជនជាតិថៃ, ៤.ឈ្មោះ ប្រាគីត សាមីផាក់ ហៅ គីត ភេទប្រុស ឣាយុ ៣៨ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) និង៥. ឈ្មោះ ព្រីឆា យឺនយ៉ុង ហៅ ឃីវ ភេទប្រុស ឣាយុ ២១ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន)។

ក្នុងប្រតិបតិ្តការចុះបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថ ដកហូតបានគ្រឿងញៀនសរុបប្រមាណជាង ៧៣គីឡូក្រាម និងកាំភ្លើងខ្លី ចំនួន ០១ដើម (ម៉ាក SIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមានបង់ចំនួន០២ គ្រាប់ចំនួន ១៩គ្រាប់ផងដែរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង ០៥នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតពិតប្រាកដមែន។ ដោយផ្ឣែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង ០៥នាក់ រួមនឹងវត្ថុងតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធី៕


អត្ថបទ៖ ជា ថន