អភិបាលរាជធានីជំរុញអោយអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយកម្មសិទ្ធិដីលំនៅដ្ឋានជូនពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយលូស្ទឹងមានជ័យ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អាជ្ញាធរាជធានី កំពុងជំរុញមន្ត្រីជំនាញពាក់ព័ន្ធអោយធ្វើការពន្លឿនការចាប់ឆ្នោត បែងចែកកម្មសិទ្ធដីជូនប្រជាពលរដ្ឋដែលរស់នៅអមតាមប្រឡាយលូក្នុងតំបន់ស្ទឺងមានជ័យ យ៉ាងយូរបំផុតអោយរួចរាល់ក្រោយថ្ងៃបោះឆ្នោត។


ការជំរុញបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ មិថុនាខណៈដែលឯកឧត្តម ឃួង ស្រេងអញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតដើម្បីជ្រើសរើសទីតាំងកម្មសិទ្ធដីលំនៅដ្ឋានស្របច្បាប់ជូនប្រជាពលរដ្ឋនៅតាមបណ្តោយប្រឡាយលូស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោហ៊ុន សែន អ្វីដែលជាក្តីសុបិន្តរបស់ប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យបានក្លាយជាការពិតហើយ ឯកឧត្តមបញ្ជាក់ថាក្នុង ជំហានទី១នេះ ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។ជាមួយគ្នានោះឯកឧត្តមក៏បានសំណូមពរអោយប្រជាពលរដ្ឋ ពេលបានកម្មសិទ្ធិស្របច្បាប់ហើយ នៅពេលសាងសង់ផ្ទះ កុំអោយទាស់ទែងគ្នា អាចដាក់ជញ្ជាំងជាប់ព្រំគ្នានិងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក។


តាមលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់ប្រាប់អោយដឹងថាការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ។ លើគម្រោងនេះ បានបែងចែកជា៤តំណាក់កាល ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងតំណាក់កាលទី១នេះ ក្រុមការងារបានសម្រុចការងាររបស់ខ្លួនបាន១០០ភាគរយហើយ ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រុមការងារបានចាក់បំពេញបាន១០០%ហើយដែរ។


គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយដែល ត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្គោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត៕

អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation