សម្តេចតេជោ ប្រកាសផ្អាកជាបណ្តោះអាសន្ន ចំពោះការផ្តល់គោរមងាកិត្តិយស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ បានប្រកាសឲ្យមានការផ្អាក ជាបណ្តោះអាសន្ន នូវការផ្តល់គោរមងាកិត្តិយស។ សម្តេចតេជោ បានបញ្ជាក់ថា ការផ្អាកជាបណ្តោះអាសន្ននេះ គឺយោងទៅលើការស្នើសុំពីសំណាក់ ឯកឧត្តមអគ្គសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដែលជាប្រធានបណ្ឌិតសភាចារ្យ ដើម្បីរក្សាតម្លៃគោរមងារ ចេញដោយព្រះរាជក្រឹត្យ​ ដែលមានសំណើរពីនាយរដ្ឋមន្ត្រី។

ការលើកឡើងនេះ សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធី សម្ពោធ «អគារឥន្ទ្រទេវី» និងពិធីប្រកាសនូវគោរមងារ និងប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ជូនបេក្ខជនជ័យលាភី របស់រាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសនោះ​ សម្តេចតេជោ បានបង្ហាញនូវកង្វល់ ចំពោះបញ្ហាដែលកម្ពុជា មានចំនួនបណ្ឌិតច្រើន។ សម្តេច​បានមានប្រសាសន៍​ថា ​ដើម្បីធានាឲ្យបានច្បាស់លាស់នូវគុណភាព នៅពេលការពារ សូមកុំមានការធ្វេសប្រហេស ដោយរាជបណ្ឌិតសភា ​ត្រូវចាត់តាំងក្រុមប្រឹក្សាការពារ ហើយត្រូវបោះឆ្នោតសម្ងាត់ ដើម្បីធានាបេក្ខជននោះ ជាប់ឬមិនជាប់។ សម្តេចថា បើមិនដូច្នោះទេ កម្ពុជា នឹងក្លាយជាប្រទេស ដែលមានចំនួនបណ្ឌិត ច្រើនជាងគេ នៅលើពិភពលោក បើធៀបនឹងចំនួនប្រជាជន។

​ សូមជម្រាបថា នាពិធីព្រឹកមិញនេះ ក៏មានការប្រកាសគោរមងារ ជូនដល់​ឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិ ចំនួន ០៦រូប​ ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវ គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា។ ការផ្តល់គោរមងារ ដែលសម្តេចតេជោបញ្ជាក់ថា ជាវគ្គទី៣នេះ ​ រួមមាន៖ ១. ឯកឧត្តម ឆាយ ថន ជាកិតិ្តសេដ្ឋាបណ្ឌិត, ២. លោកជំទាវ ឃួន សុដារី ជាកិតិ្តសង្គហបណ្ឌិត, ៣. ឯកឧត្តម ឌិត មន្ទី ជាកិត្តិនីតិកោសលបណ្ឌិត, ៤. ឯកឧត្តម ប៉ែន បញ្ញា ជាកិត្តិនីតិកោសលបណ្ឌិត, ៥. ឯកឧត្តម ជាម យៀប ជាបណ្ឌិតកិតិ្តសេដ្ឋាបណ្ឌិត, និង៦. ឯកឧត្តម អ៊ឹម ឈុនលឹម ជាកិត្តិនីតិកោសលបណ្ឌិត៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation