ព័ត៌មានអន្តរជាតិ

គ្រោះរាំងស្ងួតមរណៈក្នុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកកំពុងធ្វើឲ្យមនុស្សរាប់លាននាក់អត់ឃ្លាន

image

ភាពរាំងស្ងួតដែលអូសបន្លាយពេលមកជាច្រើនខែកំពុងប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រទេសជាច្រើនស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក។

កសិករជាច្រើនកំពុងតែតស៊ូធ្វើយ៉ាងណារក្សាជីវិតក្រុមគ្រួសារនិងសត្វចិញ្ចឹមរបស់ពួកគេឲ្យនៅមានជីវិតក្នុងគ្រាដែលអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សជាង១១លាននាក់កំពុងប្រឈមមុខនឹងវិបត្តិខ្វះស្បៀងអាហារធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសស៊ីមបាវ៉េ និងម៉ូសំប៊ិកជាកន្លែងដែលព្យុះស៊ីក្លូនចំនួន២ទើបបានបក់បោកបំផ្លាញដំណាំកាលពីដើមឆ្នាំនេះ។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក តំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិកទើបទទួលបានទឹកភ្លៀងកម្រិតធម្មតាម្ដងប៉ុណ្ណោះក្នុងរយៈពេល៥រដូវកាលបង្កបង្កើនផលចុងក្រោយនេះ។ កសិករនៅក្នុងតំបន់ដែលទទួលរងគ្រោះខ្លាំងត្រូវចែកអាហាររបស់ពួកគេទៅឲ្យសត្វចិញ្ចឹមរបស់ពួកគេខណៈដែលសត្វចិញ្ចឹមខ្លះបានងាប់ដោយសារអត់អាហារ។ កសិករខ្លះបានលក់សត្វចិញ្ចឹមរបស់ពួកគេទាំងនៅតូចៗទៅឲ្យសត្វឃាតស្ថានដើម្បីបន្ធូរបន្ទុកក្នុងការផ្ដល់អាហារ។

ទីភ្នាក់ងារសេវាអាកាសធាតុរបស់ប្រទេសអាហ្វ្រិកខាងត្បូងបានព្យាករថារយៈពេល៣ខែទៀតទើបប្រទេសអាហ្វ្រិកខាងត្បូង និងតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិកនឹងមានភ្លៀងធ្លាក់ក្រោមកម្រិតធម្មតា ៕

ព័ត៌មានទាក់ទង...