ព័ត៌មានជាតិ

រដ្ឋមន្ត្រី វង សូត ឡើងបង្ហាញពីសកម្មភាពរបស់កម្ពុជា ដែលកំពុងអនុវត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០

image

(វៀងចន្ទន៍)៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី១០ ស្តីពីសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (10TH AMMWD) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងនូវចំណុចមួយចំនួន ដែលកម្ពុជា បាន និងកំពុងអនុវត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០ រួមមាន៖

១៖ កម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលជាផែនទីបង្ហាញផ្លូវរយៈកាលវែង ផ្តោតលើសសរស្តម្ភចំនួនពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

២៖ កម្ពុជា បានដាក់ចេញនូវកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ

៣៖ កម្ពុជា បានក្លាយជាសមាជិកនៃប្រទេសដៃគូសកល ដើម្បី បញ្ចប់អំពើហិង្សាលើកុមារ ដែលជាទឡ្ហីកម្មមួយបង្ហាញពីការខិតខំ និងប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឈានទៅលុបបំបាត់អំពើហិង្សាលើកុមារ។

៤៖ កម្ពុជា បានអនុម័តច្បាប់យុត្តិធម៌អនីតិជន កាលពីឆ្នាំ២០១៦ និងគ្រោងដាក់ឱ្យដំណើរការសាងសង់មជ្ឈមណ្ឌលស្តារយុវនីតិសម្បទានាពេលដ៏ខ្លីខាងមុខ។

៥៖ កម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពីមនុស្សវ័យចាស់ ដែលមានចក្ខុវិស័យក្នុងការបន្តលើកកម្ពស់ និងកែលម្អគុណភាពជីវិតរបស់មនុស្សចាស់។

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី លើកទី៦ ស្តីពីសុខុមាលភាពសង្គម និងអភិវឌ្ឍន៍បន្ត។

កម្ពុជាបានក្លាយជាសមាជិកនៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលជាទឡ្ហីកម្មមួយបង្ហាញពីកាខិតខំ និងប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការឈានទៅលុបបំបាត់អំពើហិង្សាលើកុមារ។ អំពើហិង្សាលើកុមារ បានធ្វើឲ្យកុមារ និងគ្រួសារទទួលរងនូវការឈឺចាប់ និងអាចបង្កផលវិបាករយៈពេលវែងដូចជា និងការអភិវឌ្ឍរូបរាងកាយយឺតបញ្ហាឥរិយាបថ បញ្ហាសុខភាពផ្លូវកាយ និងបញ្ហាសុខភាពផ្លូវចិត្តជាដើមផងដែរ។ 

ដោយឡែកសម្រាប់វិស័យមនុស្សវ័យចាស់ កម្ពុជាបានដាក់ចេញនូវគោលនយោបានជាតិស្ដីពីមនុស្សវ័យចាស់ ដែលមានចក្ខុវិស័យក្នុងការបន្ដលើកកម្ពស់ និងកែលម្អគុណភាពជីវិតរបស់មនុស្សចាស់ទទួលបាននូវសិទ្ធិ និងឱកាសស្មើៗគ្នា។

គួរបញ្ជាក់ថា ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំ គណៈប្រតិភូក្រោមឱវាទក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី១០ស្តីពីសុខាមាលភាពសង្គម និងអភិវឌ្ឍន៍នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕