អូស្ត្រាលី កោតសរសើក្រសួងកិច្ចការនារី ថាបានយកចិត្តទុកដាក់ និងមានការប្ដេជ្ញាចិត្តខ្ពស់ ទៅលើការទប់ស្កាត់ អំពើហិង្សា លើស្ត្រីនិងកុមារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ លោកជំទាវ អេនជែលឡា កូកូរ៉ាន់ (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ ដើម្បីសម្តែងការជម្រាបលា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើង នូវកិច្ចសហប្រតិបត្តិការល្អ រវាងអូស្ត្រាលីនិងកម្ពុជា លើគម្រោងចំនួន២ ដោយគម្រោងទី១ គឺគម្រោងអាក់សេស (ACCESS) ដែលជួយទៅលើជនមានពិការភាព និងស្រ្តីរងគ្រោះ ដោយអំពើហិង្សា​ និងគម្រោងទី២ ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការពពោះជំនួស។ លោកជំទាវរដ្ឋមន្ត្រី បានអរគុណស្ថានទូតអូស្ត្រាលី ដែលបានផ្ដល់ជាជំនួយ និងគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងផ្តល់នូវដំបូន្មាន និងអនុសាសន៍ល្អៗ ដែលផ្ដល់ជម្រើស ឲ្យក្រសួងកិច្ចការនារី ដើម្បី​ធ្វើការងារ។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកឡើងផងដែរថា រយៈពេល៣ឆ្នាំកន្លះនេះ ក្រសួងកិច្ចការនារី បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងភាគីអូស្ត្រាលី បានយ៉ាងល្អ ដោយបានទទួលជោគជ័យ លើការងារមួយចំនួន។ លោកជំទាវទូត បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រសួងកិច្ចការនារី ជាពិសេសទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការពពោះជំនួស។ លោកជំទាវ ក៏បានកោតសរសើរផងដែរថា ក្រោមការដឹកនាំចំពោះជំទាវរដ្ឋមន្ត្រី បានធ្វើឲ្យភាគីអូស្ត្រាលី មានភាពងាយស្រួល ក្នុងការ​ធ្វើការងារជាមួយ ​ដោយក្រសួងកិច្ចការនារី បានយកចិត្តទុកដាក់ និងមានការប្ដេជ្ញាចិត្តខ្ពស់ ទៅលើការទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងកុមារ។

គួរជម្រាបថា កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថា ACCESS គឺជាកម្មវិធីរយៈពេល៣ ពីឆ្នាំ២០១៨ដល់២០២១ ដែលស្ថិតនៅក្រោមការផ្ដួចផ្ដើមនិងគាំទ្រ ដោយរដ្ឋាភិបាលអូស្ត្រាលី។ ក្នុងរយៈពេល៣ឆ្នាំ រដ្ឋាភិបាលអូស្ត្រាលី នឹងផ្ដល់ថវិកាចំនួន១៥លានដុល្លារអូស្ត្រាលី តាមរយៈកម្មវិធីនេះ ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាប័ន្នសេវា សម្រាប់ជនដែលមានពិការភាព និងស្ត្រីរងគ្រោះដោយអំពើហិង្សា ទាក់ទងទៅនឹងយេនឌ័រ៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation