
ក្រុមយុវជនប្រើប្រាស់ភាសាបារាំង ចូលរួមប្រកួតប្រជែងគំនិតអាជីវកម្មStart Up ដែលគិតគូរពីប្រយោជន៍សង្គម

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រលើការបង្កើតគម្រោងច្នៃប្រឌិតឆ្នាំ២០១៩ក្រោមប្រធានបទ៖ស្មារតីសហគ្រិនភាពឆ្ពោះទៅគម្រោង“ការបង្កើតថ្មីសម្រាប់សង្គមនិងសាមគ្គីភាព »ក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងវិស័យអប់រំបណ្តុះបណ្តាលនិងតួអង្គសង្គមសេដ្ឋកិច្ចក្នុងតំបន់និងរំលេចឡើងនូវគម្រោងសហគ្រិនភាពថ្មីៗជាច្រើនរបស់យុវនិស្សិតនិងយុវជនទើបបញ្ចប់ការសិក្សាជាភាសាបារាំងដែលមានអាយុក្រោម៣៥ឆ្នាំ។
បេក្ខជនឆ្នើមចំនួន៦ក្រុមចុងក្រោយបានចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នាទីក្រុងភ្នំពេញក្នុងនោះមាន៤ក្រុមមកពីប្រទេសវៀតណាមនិង២ក្រុមនៅកម្ពុជា។ពួកគេបានធ្វើការការពារគម្រោងធុរកិច្ចរបស់ខ្លួនជាភាសាបារាំងនៅចំពោះមុខគណៈមេប្រយោគដែលសុទ្ធតែជាសហគ្រិន។
ជ័យលាភីនឹងទទួលបានការចុះធ្វើកម្មសិក្សានៅតាមក្រុមហ៊ុនដែលប្រើប្រាស់ភាសាបារាំងនៅប្រទេសបារាំងនិងនៅក្នុងតំបន់ហើយក៏នឹងទទួលបាននូវទំនាក់ទំនងដោយផ្ទាល់ជាមួយវិនិយោគិនសំខាន់ៗជាច្រើនមកពីប្រទេសបារាំងនិងវៀតណាមផងដែរ។
ជាលទ្ធផលនៃការប្រកួតប្រជែង ជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិតវៀតណាម លេខ២និស្សិតកម្ពុជា និងលេខ៣ស្ទួន បានទៅក្រុមនិស្សិតវៀតណាម។
ជ័យលាភីទី១បានទៅក្រុម AC-Cool របស់ NGUYEN Ngoc Thanh Phuong & NGO Thi Ha My ; គម្រោង AC-Cool ផ្តល់នូវផលិតផល១០០%ជីវៈផ្លាស្ទិកគ្មានគ្រោះថ្នាក់និងមានការគោរពពីបរិស្ថានសម្រាប់ជំនួសផលិតផលប្លាស្ទិក។
លេខពីបានទៅក្រុម UNITECH របស់ក្រុមCHAN Sereivath & DUONG Porhuot ; ជាគម្រោងបង្កើតកម្មវិធី Venta ដែលអាចឲ្យកុមារ មនុស្សចាស់ ជនពិការ និងនិស្សិតសិក្សាផ្នែកទេសចរណ៍ អាចទស្សនាតំបន់ទេសចរណ៍នានាជុំវិញខ្លួនបាន(ក្នុងរង្វង់៣៦០ដឺក្រេ) ដោយគ្រាន់តែប្រើវ៉ែនតា។
លេខបីពីរក្រុមបានទៅ TLNET របស់ក្រុម NGUYEN Thi Tra My 7 BUI Tuan Anh ដែលជាដំណោះស្រាយមួយសម្រាប់គ្រឹះស្ថានអប់រំអាចប្រើកម្មវិធីស្មាតអាចសំគាល់មុខសិស្ស/និស្សិតដើម្បីបញ្ចៀសបានរាល់បញ្ហាលួចចម្លងនិងអំពើហិង្សានានាក្នុងសាលា។
ជ័យលាភីទី៣មួយក្រុមទៀតបានទៅក្រុម Happy Life របស់ក្រុម Nguyen Ngoc Hanh & Pham Hong Hanh ដែលបង្កើតទស្សនាវដ្តីអាហាសុវត្ថិភាពសម្រាប់ប្រជាជនទីក្រុង សាយ ហ្កន នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពនិងគោរពពីបរិស្ថាន ដោយប្រើវិធីសាស្ត្រថ្មីៗក្នុងទស្សនាវដ្តីជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ជ័យលាភីលេខ១នឹងទទួលបានកម្មសិក្សារយៈពេល២សប្តាហ៍នៅក្នុងក្រុមហ៊ុននៅទីក្រុងប៉ារីសប្រទេសបារាំង។ ជ័យលាភីទី២ទទួលបានកម្មសិក្សានៅទីក្រុងហាណូយរយៈពេល២សប្តាហ៏។ រីឯជ័យលាភីទី៣នឹងទទួលបានរង្វាន់ជាថវិកាចំនួន២៥០អឺរ៉ូ(ចំនួនពីរង្វាន់)៕អត្ថបទ ៖ ស៊ន សុខឃៀង

