ស្ត្រីសម្រាលកូននៅមណ្ឌលសុខភាពស្រុកកូនមុំ ៩នាក់ទទួលបានអំណោយពីសប្បុរសជន
ខេត្តរតនគិរី ៖ គិតចាប់ពីថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន អាគាររងចាំសម្រាប់ស្រ្តីសម្រាកមុនពេលសម្រាលកូន ក្នុងមណ្ឌលសុខភាពស្រុកកូនមុំ ខេត្តរតនគិរីដែលឧបត្ថមការសាងសង់ដោយលោក គឹម រស្មី ត្រូវបានប្តើប្រាស់ពីសំណាក់ស្ត្រីសម្រាលកូនជិត ១០០០នាក់ហើយ។
កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម រស្មី ព្រមទាំងសប្បុរសជនចំនួន ២រូបទៀត គឺលោក ឈុន លាង និងលោក អៀង មន្នីរតនៈ បានចុះសួរសុខទុក្ខ ព្រមទាំងចំណាយថវិការផ្ទាល់ខ្លួន នាំយកអំណោយជាថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅចែកជូនដល់ស្ត្រី សម្រាករងចាំសម្រាលកូន និង ស្ត្រីសម្រាលកូនរួច នៅមណ្ឌលសុខភាពស្រុកកូនមុំខេត្តរតនគិរី ចំនួន ៩នាក់។
បើតាមការឲ្យដឹងពីលោកស្រី ស៊ុម សុវណ្ណ អនុប្រធានមណ្ឌលសុខភាពថា តាំងពីអាគាររងចាំបានដាក់ឲ្យប្រើប្រាស់ នេះបានបម្រើដល់ស្ត្រីគិតជាមធ្យម ចំនួន ៨៩០នាក់ហើយ សម្រាប់ស្ត្រីរងចាំឆ្លងទន្លេ និងស្ត្រីក្រោយពេលឆ្លងទន្លរួច។ ហើយអ្នកស្រីបានបន្តទៀតថា ពេលនេះអ្នកស្រី សប្បាយចិត្តណាស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក គឹម រស្មី ព្រមទាំងសបុរសជន ដែលបានមកសួរសុខទុក្ខ និងយកអំណោយចែកជូនដល់ស្ត្រីមិនទាន់ឆ្លងទន្លេ និងស្ត្រីឆ្លងទន្លេរួច ព្រមទាំងសាងសង់ផ្ចុះមួយខ្នង សម្រាប់ស្ត្រីឆ្លងទន្លេព្រមទាំងអ្នកមកកំដរសម្រាប់ហូបបាយ ជៀសវាងការពិសារបាយក្នុងបន្ទប់ធ្វើឱ្យមានក្លិន។
គួររំលឹកផងដែរ អាគាររង់ចាំនេះ មានមួយខ្នងបីបន្ទប់ ក្រាលឥដ្ឋការ៉ូ ប្រក់ក្បឿង មានទំហំ ១២ម៉ែត្រគុណនឹង ៨ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។ ដែលជាអំណោយសប្បុរសធម៌របស់លោក គឹម រស្មី ផ្ដល់ជូនមណ្ឌលសុខភាពស្រុកកូនមុំ បន្ទាប់ពីមណ្ឌលសុខភាពនេះ មិនមានបន្ទប់តាមតម្រូវការ សម្រាប់ស្ត្រីរងចាំឆ្លងទន្លេ និងមានការស្នើរសុំពីគ្រូពេទ្យនៅមណ្ឌលសុខភាពនេះផងដែរ៕ដោយ៖ប៉េស សារី