ឯកឧត្តម ហ៊ុយ វណ្ណៈ និងឯកឧត្តម មុន រ៉ាម៉ាឌី ដឹកនាំសហការី គោរព​វិញាណក្ខន្ធ លោក សំរិទ្ធ ឯកសុវណ្ណ
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​សហភាព​សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំង​ឯកឧត្តម មុន រ៉ាម៉ាឌី រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន និងជាអគ្គនាយកស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី បានដឹកនាំសហការី គោរពវិញាណក្ខន្ធ លោក សំរិទ្ធ ឯកសុវណ្ណ ជានាយករងព័ត៍មានស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩​។

លោក សំរិទ្ធ ឯក​សុវណ្ណ បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​ថៃ ដោយ​រោគាពាធ​។​ សព​លោក សំរិទ្ធ ឯក​សុវណ្ណ ត្រូវបាន​ដឹក​ពី​ប្រទេស​ថៃ យកមកតម្កល់ ធ្វើបុណ្យ នៅ​ស្រុកកំណើត​របស់លោក ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩​។ តាមកម្មវិធី សព​លោក សំរិទ្ធ ឯកសុវណ្ណ នឹងត្រូវបូជាតាមប្រពៃណី នៅ​យប់​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​កើត​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៧៥ លោក សំរិទ្ធ ឯក​សុវណ្ណ បានទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ ដោយបានបន្សល់កូនកំព្រាតូចៗ សុទ្ធតែស្រីចំនួន​ ៤​នាក់​។

​លោក សំរិទ្ធ ឯក​សុវណ្ណ បាន​ប្រឡូក​ក្នុង​វិស័យ​ព័ត៌មាន​ជាច្រើន​ឆ្នាំ​មកហើយ ដោយមាន​ជំនាញ​ជា​អ្នក​កាន់​កាំ​ម៉ា​រ៉ា ថត​វីដេអូ​។ តាមរយៈ​អាជីព​នេះ លោក​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​ផ្តល់ ព័ត៌មាន​ពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ជាតិ និង​ការ​វិវឌ្ឍន៍​របស់​សង្គម​ជាតិ​។ អាជីព​នេះ ក៏បានផ្តល់​ឱកាស​ឲ្យ​លោក​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាច្រើន រួមរួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។​ជាពិសេស​នៅក្នុងពេល​កម្ពុជា និង​ថៃ ប៉ះទង្គិច​គ្នា​នា​ឆ្នាំ​២០០៨ នៅ​តំបន់​ប្រាសាទព្រះវិហារ លោក សំរិទ្ធ ឯក​សុវណ្ណ គឺជា​អ្នកព័ត៌មាន​មួយរូប ដែល​បាន​ចុះទៅ​ថត​យក​រូបភាព យក​ព័ត៌មាន​ជាប្រចាំ នៅ​តំបន់​នោះ ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជ្រាប​ពី​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​នាពេលនោះ​។​

​លោក សំរិទ្ធ ឯក​សុវណ្ណ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​ជំងឺ​មេរោគ ក្នុង​ឈាម នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ កាលពី​ខែតុលា ឆ្នាំ​២០១៩ ដោយ​ត្រូវ​ចំណាយ​ខ្ពស់ និង​ត្រូវ​ការបញ្ចូល​ឈាម​ក្នុង ១​ថ្ងៃ ១​ប្លោក​។​

​ដើម្បី​សម្រាល​បន្ទុក​ក្រុមគ្រួសារ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ដែលមាន​ឯកឧត្តម ហ៊ុយ វណ្ណៈ ជា​ប្រធាន បាន​ប្រមូល​ថវិកា​សរុប ចំនួន ៩០៦៨ ដុល្លារ​អាមេរិក ជួយ​ដល់​លោក សំរិទ្ធ ឯក​សុវណ្ណ សម្រាប់​ជួយ​រំលែក​សម្រាល​បន្ទុកគ្រួសា​រ​។ ថវិកា​ទាំងនោះ បានមកពី​៖ ១-​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ថវិកា​ចំនួន ១០០០ ដុល្លារ ២-​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន CBS ថវិកា​ចំនួន ៤៦៤៨ ដុល្លារ និង​៣-​ថ្នាក់ដឹកនាំ ទីប្រឹក្សា និង​សមាជិក​សមាជិកា ស​.​ស​.​ស​.​ក ថវិកា​ចំនួន ៣៤២០ ដុល្លារ​។​

​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ជួយ​លោក សំរិទ្ធ ឯក​សុវណ្ណ សម្រាប់​ព្យាបាល​ជំងឺ​។ នេះ​ជា​កាយវិការ​ប្រកបដោយ​មេត្តា និង​ករុណា​ដ៏​ជ្រាលជ្រៅ ព្រមទាំង​ជាម​ហា​គុណ​ដ៏​ធំធេង ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជួយ​ដល់​អ្នកសារព័ត៌មាន និង​ជា​សមាជិក​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation